ថៃ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក ភិឆៃ ជនហាវ៉ាជីរ៉ា (Pichai Chunhavajira) ថ្លែងនៅថ្ងៃពុធ ទី១០ ខែកក្កដានេះថា សេដ្ឋកិច្ចរបស់ថៃមិនមានភាពល្អប្រសើរអស់រយៈពេលជាយូរមកហើយ ជាមួយនឹងកំណើនកាន់តែយ៉ាប់យ៉ឺន ជាមួយនឹងបញ្ហាប្រឈមជាច្រើនទៀត។ ក្នុងសិក្ខាសាលាធុរកិច្ចមួយ លោក ភិឆៃ ថ្លែងថារដ្ឋាភិបាលកំពុងព្យាយាមបន្ថែមដើម្បីលើកកំណើនសេដ្ឋកិច្ចមកត្រឹម ៣ភាគរយនៅឆ្នាំនេះ ខណៈការព្យាករណ៍កំណើនសេដ្ឋកិច្ចថៃអាចនឹងមានកំណើនប្រមាណ ២,៥ភាគរយ។
គួរឱ្យដឹងថា ទំហំសេដ្ឋកិច្ចថៃមានកំណើន ១,៩ភាគរយកាលពីឆ្នាំ២០២៣ ដែលបណ្ដាលមកពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមាន អត្រានៃការនាំចេញទាប, បំណុលនៃគ្រួសារនីមួយក្នុងកម្រិតខ្ពស់ និងបញ្ហាពាក់ព័ន្ធនឹងប្រាក់កម្ចីជាដើម។ សូមបញ្ជាក់ថា ប្រទេសថៃមានកំណើនសេដ្ឋកិច្ចជាមធ្យម ១,៧៣ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ។
លោក Pichai ថ្លែងថា វិស័យទេសចរណ៍នឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលរំពឹងថានឹងមានភ្ញៀវទេសចរណ៍បរទេសមកកាន់ប្រទេសថៃយ៉ាងហោច ៣៥លាននាក់នៅក្នុងឆ្នាំ២០២៤។ ដោយឡែក កាលពីឆ្នាំ២០១៩ កន្លងទៅ ពោលគឺមុនពេលមានការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ថៃស្រូបទាញបានភ្ញៀវទេសចរណ៍បរទេសរហូតដល់ ៤០លាននាក់។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ផងដែរថា បំណុលនៅតាមគ្រួសារនីមួយៗបច្ចុប្បន្ននៅជាង ៩០ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលត្រូវការផែនការដើម្បីដោះស្រាយជាបន្ទាន់ ចំពេលដែលមានកំណើនប្រាក់កម្ចីមិនល្អ និងប្រាក់កម្ចីខុសច្បាប់កាន់តែច្រើនក្នុងប្រទេស។ លោក Pichai ក៏បានភ្ជាប់បន្ថែមថា លោកសង្ឃឹមថាធនាគារកណ្តាលនឹងបន្ធូរបន្ថយបទប្បញ្ញត្តិកម្ចីសម្រាប់ទិញផ្ទះដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ៕