ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបើកការស៊ើបអង្កេតលើលោកស្រី Marine Le Pen ពីបទផ្តល់ហិរញ្ញប្បទានខុសច្បាប់នៃយុទ្ធនាការឃោសនាបោះឆ្នោត
បារាំង៖ ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានឱ្យដឹងនៅថ្ងៃទី០៩ ខែកក្កដានេះថា ការិយាល័យរដ្ឋអាជ្ញាបានចាប់ផ្តើមការស៊ើបអង្កេតបឋមលើការចោទប្រកាន់ពីបទផ្តល់ហិរញ្ញប្បទានខុសច្បាប់នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់មេដឹកនាំគណបក្សស្តាំនិយមជាតិ (RN) លោកស្រី Marine Le Pen ក្នុងការប្រជែងតំណែងប្រធានាធិបតីកាលពីឆ្នាំ២០២២ ដែលកាលណោះលោកស្រីបានរងបរាជ័យទល់នឹងលោក Emmanuel Macron។
ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបញ្ជាក់ថា ការស៊ើបអង្កេតត្រូវបានបើកកាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ដោយផ្អែកតាមរបាយការណ៍ឆ្នាំ២០២៣ របស់គណៈគណៈកម្មការជាតិស្តីពីគណនីយុទ្ធនាការ និងហិរញ្ញប្បទាននយោបាយ (CNCCFP) ដែលពិនិត្យលើការចំណាយ និងការផ្តល់មូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជននីមួយៗ។ បើតាមរបាយការណ៍នេះបញ្ជាក់ថា ក្រុមការងារបានពិនិត្យមើលលើការចោទប្រកាន់អំពីការកិបកេង ក្លែងបន្លំ និងបានបញ្ជាក់ថាបេក្ខជនម្នាក់ក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតនេះបានយល់ព្រមលើការទទួលប្រាក់កម្ចី។
លោកស្រី Marine Le Pen និងគណបក្សស្តាំនិយមជាតិ (RN) របស់លោកស្រីបានចេញមកបដិសេធជុំវិញការចោទប្រកាន់ និងស៊ើបអង្កេតនេះ ដោយលោកស្រីអះអាងថាមិនបានប្រព្រឹត្តអំពើខុសឆ្គងណាមួយទាក់ទងនឹងហិរញ្ញប្បទានសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឡើយ។ ដោយឡែក គណបក្សស្តាំនិយមជាតិ (National Rally) មិនទាន់មានការបំភ្លឺបន្ថែមណាមួយជុំវិញករណីនេះឡើយ។
ដោយឡែក លោកស្រី Marine Le Pen នឹងត្រូវចូលរួមសវនាការមួយនៅចុងឆ្នាំនេះជាមួយមនុស្ស ២៧ នាក់ផ្សេងទៀតជុំវិញការចោទប្រកាន់ពីការប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប។ ការស៊ើបអង្កេតលើករណីនេះធ្វើឡើងកាលពីឆ្នាំ២០១៦ ទៅលើតម្លាភាពនៃការប្រើប្រាស់កញ្ចប់ថវិការបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងនិរន្តភាពនៃគណបក្សនយោបាយរបស់លោកស្រីឬយ៉ាងណា។
គួរបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំមួយរូបនៃគណបក្សស្តាំនិយម (RN) លោកស្រី Marine Le Pen ធ្លាប់បានឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីទល់នឹងលោក Emmanuel Macron ពីរលើករួចមកហើយកាលពីឆ្នាំ២០១៧ និង ២០២២ ដែលគេរំពឹងថាលោកស្រីទំនងជានឹងបន្តប្រជែងតំណែងប្រធានាធិបតីបារាំងសាជាថ្មីម្តងទៀតនៅឆ្នាំ២០២៧ ខាងមុខនេះ៕