នាយករដ្ឋមន្រ្តីឥណ្ឌានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្សីជុំវិញបញ្ហានៅអ៊ុយក្រែនអំឡុងទស្សនកិច្ចផ្លូវការនាថ្ងៃអង្គារនេះ
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin នាថ្ងៃអង្គារ ទី៩ ខែកក្កដានេះ ពោលគឺមួយថ្ងៃប៉ុណ្ណោះក្រោយមេដឹកនាំឥណ្ឌារូបនេះធ្វើដំណើរអញ្ជើញដល់រដ្ឋធានីម៉ូស្គូ ចំពេលវិបត្តិស្ដីពីសង្គ្រាមរុស្សី និងអ៊ុយក្រែនកំពុងត្រូវបានលើកឡើងយកមកពិភាក្សាជាសកល។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់ប្រទេសរុស្សី រាប់ចាប់តាំងពីរុស្សីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនទៅលើអ៊ុយក្រែន ខណៈគេជឿជាក់ថារុស្សីក៏កំពុងព្យាយាមរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌាឱ្យបានល្អប្រសើរផងដែរ។ ក្នុងពេលជាមួយគ្នានេះ លោកក៏នឹងមានសវនាការមួយពាក់ព័ន្ធនឹងទំនាក់ទំនងសន្តិសុខជាមួយប្រទេសលោកខាងលិច ក្រោយពេលលោកទើបចូលកាន់តំណែងបានជាងមួយខែក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។
សូមជម្រាបថា យន្តហោះផ្លូវការរបស់នាយករដ្ឋមន្រ្តីឥណ្ឌាបានចុះចតនៅទីក្រុងម៉ូស្គូប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការដ៏ធំមួយនៅតាមបណ្ដាទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនដែលបានបណ្ដាលឱ្យមនុស្សមួយចំនួនបានស្លាប់ និងបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យកុមារមួយកន្លែងក្នុងទីក្រុង Kyiv ដែលសកម្មភាពនេះបង្កឱ្យមានការថ្កោលទោសជាថ្មីពីសំណាក់រដ្ឋាភិបាលប្រទេសនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង។
អ្វីដែលគួរឱ្យកត់សម្គាល់ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេង និងអាវុធក្នុងតម្លៃធូរថ្លៃបំផុតមួយទៅកាន់ប្រទេសឥណ្ឌា ក៏ប៉ុន្តែភាពឯកោរបស់រុស្សីជាមួយបណ្ដាប្រទេសលោកខាងលិច និងភាពរីកចម្រើននៃទំនាក់ទំនងជាមួយចិននៅមួយរយៈពេលចុងក្រោយនេះ បានជះឥទ្ធិពលគួរសមដល់ភាពជាដៃគូរបស់ទីក្រុងម៉ូស្គូ ជាមួយទីក្រុងញូវដែលី។ មិនត្រឹមតែប៉ុណ្ណោះ មហាអំណាចលោកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏បានបណ្តុះទំនាក់ទំនងកាន់តែរឹងមាំជាមួយឥណ្ឌា ជាការការពារប្រឆាំងនឹងចិន និងប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាព្យាយាមដាក់សម្ពាធឥណ្ឌាឱ្យឃ្លាតឆ្ងាយពីទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។
កាលពីថ្ងៃចន្ទម្សិលមិញនេះ សហរដ្ឋអាមេរិកបានជំរុញឱ្យលោក Modi បញ្ជាក់ឱ្យច្បាស់នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយនឹងលោក Putin ថា "ដំណោះស្រាយណាមួយចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន ត្រូវតែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងដោយគោរពចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន"។
សូមរំឮកថា លោក Narendra Modi បានធ្វើទស្សនកិច្ចចុងក្រោយបង្អស់នៅក្នុងប្រទេសរុស្សីកាលពីឆ្នាំ២០១៩ និងធ្លាប់ទទួលស្វាគមន៍ទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសឥណ្ឌាកាលពីចុងឆ្នាំ២០២១ ពោលគឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលរុស្សីបើកការវាយប្រហារទៅលើអ៊ុយក្រែន។ កន្លងមក ឥណ្ឌាតែងតែបានព្យាយាមច្រានចោលនូវរាល់ការថ្កោលទោសពីសំណាក់អន្តរជាតិទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយរុស្សី ជាពិសេសគឺក្រោយពេលដែលឥណ្ឌាបានបដិសេធចំពោះសេចក្តីសម្រេចនានារបស់អង្គការសហប្រជាជាតិដែលផ្តោតលើរដ្ឋាភិបាលរុស្សី៕