តួកគី៖ ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ១ពាន់លានដុល្លារអាមេរិកជាមួយរដ្ឋាភិបាលតួកគី ដើម្បីបើកដំណើរការរោងចក្រមួយនៅក្នុងប្រទេសនេះ ក្នុងគោលបំណងដើម្បីបញ្ចៀសពីការកាតព្វកិច្ចពន្ធថ្មីដែលដាក់ចេញដោយសហភាពអឺរ៉ុប។ គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងនៅទីក្រុង អ៉ីស្ដង់ប៊ុល (Istanbul) ដោយមានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុន BYD លោក Wang Chuanfu និងរដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យាតួកគី លោក Fatih Kacir ក្រោមអធិបតីភាពលោកប្រធានាធិបតី Recep Tayyip Erdogan។
យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាតួកគីបញ្ជាក់ថា ក្រុមហ៊ុន BYD នឹងបើករោងចក្រផលិតរថយន្តថ្មីមួយដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានប្រមាណ ១៥០,០០០គ្រឿង រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានៅទីតាំងនេះផងដែរ។ បើតាមការប៉ាន់ស្មាន រោងចក្រផលិតរថយន្តថ្មីនេះនឹងផ្តល់ទីផ្សារការងារដល់មនុស្សជាង ៥,០០០នាក់។
សូមបញ្ជាក់ថា ការប្រកាសវិនិយោគរោងចក្រតម្លៃ ១ពាន់លានដុល្លារនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានដំឡើងពន្ធបន្ថែមរហូតដល់ ៣៨ភាគរយលើរថយន្ត EV របស់ចិន ក្រោយមានការស៊ើបអង្កេតមួយបានបញ្ជាក់ថា ក្រុមហ៊ុនមួយចំនួនមានការឧបត្ថម្ភធនធានពីរដ្ឋដែលបណ្ដាលឱ្យមានការប៉ះពាល់ និងការប្រកួតប្រជែងដោយមិនស្មើភាពជាមួយក្រុមហ៊ុនអឺរ៉ុបផ្សេងៗទៀត។ គួរឱ្យដឹងថា រថយន្តដែលផលិតនៅក្នុងប្រទេសតួកគីបានទទួលផលចំណេញជាច្រើន ក្រោមអត្ថប្រយោជន៍៍ដែលទទួលបានក្រោមច្បាប់គយរបស់សហភាពអឺរ៉ុបដែលដំណើរការតាំងពីឆ្នាំ១៩៩៥ មកទល់បច្ចុប្បន្ន ខណៈតំបន់ Marmara នៅទីក្រុង អ៉ីស្ដង់ប៊ុលបានក្លាយជាមជ្ឈមណ្ឌលឈានមុខគេមួយនៃឧស្សាហកម្មរថយន្តរបស់ពិភពលោក។
ក្រុមហ៊ុនផលិតរថយន្តធំៗរួមមាន Fiat និង Renault បានបើករោងចក្រនៅទីនោះតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ ខណៈក្រុមហ៊ុនផ្សេងទៀតដូចជា Ford, Toyota និង Hyundai បានបន្តបើករោងចក្ររបស់ខ្លួននៅលើទឹកដីតួកគី ដែលជាទីតាំងយុទ្ធសាស្រ្តល្អបំផុតស្ថិតនៅចន្លោះទ្វីបអឺរ៉ុប និងទ្វីបអាស៊ី និងតំបន់មជ្ឈិមបូព៌ា។ ថ្មីៗនេះ ក្រុមហ៊ុន BYD ក៏ទើបតែបើកដំណើរការរោងចក្ររបស់ខ្លួនមួយនៅលើទឹកដីថៃ ដែលជារោងចក្ររបស់ក្រុមហ៊ុន BYD ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ស្ថិតក្នុងខេត្តរ៉ាក់យ៉ង (Rayong) ដែលជាតំបន់ឧស្សាហកម្មភាគអាគ្នេយ៍នៃទីក្រុងបាងកក នឹងអាចផលិតរថយន្តបានរហូតដល់ ១៥០,០០០ គ្រឿងក្នុងមួយឆ្នាំ។
ដោយឡែក ពាក់ព័ន្ធនឹងការប្រកាសដំឡើងពន្ធបណ្ដោះអាសន្នរបស់សហភាពអឺរ៉ុបវិញ រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថាវិធានការពន្ធរបស់សហភាពអឺរ៉ុបនេះ នឹងអាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើង៕