កីឡា៖ លោក Lionel Scaloni អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបញ្ជាក់ថា កីឡាករប្រធានក្រុម Lionel Messi នឹងអាចបង្ហាញខ្លួន និងលេងបាននៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ទល់នឹងកាណាដា នាថ្ងៃទី១០ ខែកក្កដាខាងមុខនេះ បើទោះបីជាមានការបារម្ភថាកីឡាកររូបនេះអាចនឹងប្រឈមនឹងបញ្ហារបួសសរសៃពួរក៏ដោយ។
គួរបញ្ជាក់ថា Lionel Messi បានបង្ហាញខ្លួនឡើងវិញក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នាវគ្គ ៨ក្រុមចុងក្រោយដែលអាហ្សង់ទីនត្រូវជួបជាមួយនឹងអេក្វាឌ័រ បន្ទាប់ពីខកខានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយក្នុងពូល A ដែលអាហ្សង់ទីនយកឈ្នះប៉េរូក្នុងលទ្ធផល ២-០។ យ៉ាងណាក្ដី ក្នុងការប្រកួតទល់នឹងអេក្វាឌ័រនេះ បើទោះជា Messi បានបង្ហាញខ្លួនពេញ ១២០នាទីក៏ដោយ ប៉ុន្តែគេអាចកត់សម្គាល់ឃើញថា កីឡាកររូបនេះហាក់មានកម្លាំង និងកាយសម្បទាមិនទាន់ពេញលេញ (Fit) ១០០ភាគរយឡើយ។
លោក Scaloni បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife ថា៖ "Leo (Messi) មិនអីទេ! គ្រប់យ៉ាងល្អប្រសើរ ហើយគេនឹងអាចបង្ហាញខ្លួនសម្រាប់ការប្រកួតនាថ្ងៃស្អែកនេះបាន"។ គួរឱ្យដឹងថា នេះគឺជាការជួបគ្នាលើកទី២ រវាងអាហ្សង់ទីន និងកាណាដា ក្នុងពាន Copa America ២០២៤ បន្ទាប់ពីការប្រកួតបើកឆាកក្នុងពូល A ដែលក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានយកឈ្នះកាណាដាក្នុងលទ្ធផល ២-០៕