ប្រធានាធិបតីអ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីហុងគ្រីមិនអាចដើរតួជាអ្នកសម្របសម្រួលសង្គ្រាមរុស្សី និងអ៊ុយក្រែនបានឡើយ
អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញនេះថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban មិនអាចដើរតួជាអ្នកសម្របសម្រួលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជាង ២៨ខែនេះបានឡើយ ខណៈលោក Zelenskyy បញ្ជាក់ថា កិច្ចការនេះអាចធ្វើឡើងបានដោយបណ្ដាប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក ចិន ឬសហភាពអឺរ៉ុបប៉ុណ្ណោះ។
គួររំឮកថា លោកនាយករដ្ឋមន្រ្តីហុងគ្រីទើបបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅរដ្ឋធានី គៀវ (Kyiv) និងរដ្ឋធានីម៉ូស្គូ (Moscow) សម្រាប់កិច្ចពិភាក្សាការងារមួយចំនួនកាលពីសប្តាហ៍មុន ព្រមទាំងបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទម្សិលមិញផងដែរ ដោយលោកបានពិពណ៌នាអំពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីនៃប្រទេសទាំងបីនេះថាជា "បេសកកម្មដើម្បីសន្តិភាព"។
ស្របពេលដែលមេដឹកនាំបណ្ដាប្រទេសនានាត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Volodymyr Zelenskyy អះអាងថា មានតែប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ឬប្រទេសដែលមានកងកម្លាំងប្រដាប់អាវុធខ្លាំងជាងរុស្ស៊ីប៉ុណ្ណោះ ទើបអាចទទួលបន្ទុកគ្រប់គ្រងភារកិច្ចនៃការសម្រុះសម្រួលនេះបាន។ តាមរយៈសារព័ត៌មានមួយ អំឡុងទស្សនកិច្ចនៅប្រទេសប៉ូឡូញ លោក Zelenskyy ថ្លែងថា៖ "តើមានប្រទេសបែបនេះច្រើនទេនៅជុំវិញពិភពលោក? គឺមានមិនច្រើនទេ។ ខ្ញុំជឿជាក់ថាសហរដ្ឋអាមេរិក និងចិនគឺជាប្រទេសដែលមានលក្ខណៈសម្បត្តិបែបនេះ។ ដោយឡែក សហភាពអឺរ៉ុប មិនមែនជាប្រទេសតែមួយទេ ប៉ុន្តែគឺសហភាពអឺរ៉ុបទាំងមូលតែម្តង។ ប្រាកដណាស់! នេះគឺជាជាបេសកកម្មដែលមានអន្តរការី"។
អ៊ុយក្រែន រំពឹងថានឹងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិជាលើកទីពីរ ដើម្បីពិចារណាលើសំណើរបស់ខ្លួនស្ដីពីសន្តិភាពនៅចុងឆ្នាំនេះ។ ដោយឡែក ចិនដែលជាមហាអំណាចមួយ និងជាភាគីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្សីមិនបានចូលរួមកិច្ចប្រជុំលើកដំបូងដែលរៀបចំឡើងកាលពីខែមិថុនាកន្លងទៅនោះទេ។ គួរឱ្យដឹងថា កិច្ចប្រជុំស្ដីពីសន្តិភាពដែលរៀបចំឡើងកាលពីខែមុន បានផ្តោតលើផែនការសន្តិភាពចំនួន ៦ចំណុច ដែលបានដាក់ចេញនៅឯប្រទេសប្រេស៊ីលកាលពីខែឧសភា ដោយស្នើឱ្យមានសន្និសីទស្ដីពីសន្តិភាពអន្តរជាតិក្នុងពេលវេលាសមស្របណាមួយ និងអំពាវនាវឱ្យមានការចូលរួមស្មើៗគ្នាដោយភាគីសំខាន់ទាំងពីរ ពោលគឺមានការចូលរួមដោយអ៊ុយក្រែន និងរុស្ស៊ីផ្ទាល់៕