កីឡា៖ កីឡាករ Jonh Cena ដែលជាអ្នកកីឡាកាសដ៏ល្បីល្បាញនៅស្ថាប័ន WWE បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីសង្វៀនកីឡាកាសនៅឆ្នាំក្រោយ បន្ទាប់ពីលោកបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងស្ថាប័ន WWE ជាងពីរទស្សវត្សកន្លងមក។
អ្នកកីឡាកាស និងជាតារាសម្តែងរូបនេះ បានផ្ញើសារនៅមុខអ្នកគាំទ្រនៅសង្វៀនផ្ទាល់នៅទីក្រុង Toronta ប្រទេសកាណាដា និងអ្នកទស្សនាការផ្សាយផ្ទាល់ថា ឆ្នាំ២០២៥ និងជារដូវកាលចុងក្រោយនៃអាជីពជាអ្នកកីឡាកាសរបស់លោក។ យ៉ាងណាក្ដី លោកបានសន្យាថានឹងមានការប្រកួតជាច្រើននៅជុំវិញពិភពលោក ក៏ដូចជាការប្រកួតចុងក្រោយដ៏អស្ចារ្យបំផុតសម្រាប់អ្នកគាំទ្រ ហើយលោកសន្យាថានឹងនៅតែមានវត្តមានជាបន្តបន្ទាប់ក្នុងសង្វៀននានារបស់ WWE ដែលជាទីផ្តល់ឱកាសចាប់ផ្តើមអាជីពរបស់លោក។
នៅក្នុងសន្និសីទសារព័ត៌មាន Jonh Cena បានប្រាប់ទៅកាន់សារព័ត៌៌មានថា រាងកាយរបស់លោកបានប្រាប់ថា ពេលវេលានៅលើសង្វៀនប្រកួតរបស់លោកបានមកដល់ទីបញ្ចប់ហើយ ខណៈលោកនៅតែអះអាងថាវាមិនអាចនាំលោកឱ្យដាច់ឆ្ងាយពីកីឡា និងអាជីពដែលជាទីពេញចិត្តរបស់លោកបានឡើយ។ ក្នុងអាជីពជាអ្នកកីឡាកាស Jonh Cena ជាម្ចាស់ជើងឯក WWE Champions ១៣ដង, ម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក World Heavyweight Championship ៣ដង, ជើងឯកអាមេរិក WWE United States Championship ៥ដង និងម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតនៃស្ថាប័នកីឡាកាស WWE។
ថ្មីៗនេះ លោក Jonh Cena បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង ដោយលោកបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ត Blockers និង The Suicide Squad។ មិនត្រឹមតែប៉ុណ្ណោះ លោកបានលេចមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន Fast & Furious ហើយថ្មីៗនេះបានបង្ហាញខ្លួននៅក្នុងរឿងកំប្លែង Argylle និងខ្សែភាពយន្ត Barbie៕