អន្តរជាតិ៖ ហ្វីលីពីន និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏មានសារៈសំខាន់មួយនាព្រឹកថ្ងៃទី០៨ ខែកក្កដានេះ ដែលនឹងអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក ស្របពេលដែលភាគីទាំងពីរកំពុងបង្កើនទំនាក់ទំនងកាន់តែខ្លាំងឡើងអំឡុងពេលដែលប្រទេសទាំងពីរកំពុងមានការប្រឈមមុខគ្នាកាន់តែតានតឹងជាមួយចិន។
កិច្ចព្រមព្រៀងស្តីការការពារជាតិ និងសន្តិសុខ (Reciprocal Access Agreement) ឬហៅកាត់ថា (RAA) ត្រូវបានព្រមព្រៀងចុងក្រោយនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដោយមានវត្តមានរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ព្រមជាមួយវត្តមានសមភាគីហ្វីលីនដែលរួមមានរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងនិងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Gilberto Teodoro។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលរដ្ឋធានីតូក្យូ និងរដ្ឋធានីម៉ានីល បានចាប់ផ្តើមបើកការចរចាកាលពីខែវិច្ឆិកាកន្លងទៅនេះ នឹងផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់ជប៉ុន និងហ្វីលីពីនក្នុងការបញ្ជូនមន្រ្តី និងកងកម្លាំងក្នុងវិស័យការពារជាតិទៅកាន់ទឹកដីរបស់គ្នាទៅវិញទៅមកសម្រាប់ការបណ្តុះបណ្តាល និងប្រតិបត្តិការផ្សេងទៀត។ គួរឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Gilberto Teodoro និងលោកស្រី Yoko Kamikawa នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ហ្វីលីពីន និងជប៉ុន គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់សហរដ្ឋអាមេរិក ដែលអាមេរិកបាន និងកំពុងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនចាប់ពីរដ្ឋធានីកង់បេរ៉ា ប្រទេសអូស្រ្តាលី រហូតដល់រដ្ឋធានីតូក្យូ ប្រទេសជប៉ុន ដើម្បីទប់ទល់នឹងការកើនឡើងនៃកម្លាំង និងឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់។ កន្លងមក ចិនក៏ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានព្យាយាមបង្កើតនូវអង្គការថ្មីជាទម្រង់នៃអង្គការ ណាតូ (NATO) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕