ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា លោកនឹងប្រគល់លិខិតលាលែងពីតំណែងរបស់លោកទៅកាន់លោកប្រធានាធិបតី Emmanuel Macron នៅព្រឹកថ្ងៃចន្ទ ដោយបន្ថែមថា លោកនឹងនៅតែបន្តបំពេញតួនាទីរបស់លោកឱ្យបានតាមតម្រូវការជាក់ស្ដែងរបស់ជាតិ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្រ្តីបារាំង Attal ធ្វើឡើង បន្ទាប់ពីក្រុមចម្រុះរណសិរ្សឆ្វេងនិយមរបស់បារាំងបានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសភាជុំទីពីរ ដែលលទ្ធផលនៃការបោះឆ្នោតនេះត្រូវបានក្រុមឆ្វេងនិយមនិយាយថា ជាការមិននឹកស្មានដល់លើជ័យជម្នះទៅលើក្រុមគណបក្សស្តាំនិយមជ្រុល ក៏ប៉ុន្តែយ៉ាងក្ដីគណបក្សឆ្វេងនិយមរបស់បារាំងនៅតែមិនទាន់ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាជាតិនៅឡើយ។
លោក Gabriel Attal ថ្លែងថា ប្រសិនបើការលាលែងពីតំណែងរបស់គាត់ត្រូវបានបដិសេធនោះ គាត់ត្រៀមខ្លួនជាស្រេចដើម្បីបន្តការកាន់តំណែងត្រឹមតែរយៈពេលនៃកាតព្វកិច្ចតម្រូវប៉ុណ្ណោះ ស្របពេលដែលព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ដ៏ធំនៅប្រទេសបារាំង គ្រោងនឹងចាប់ផ្តើមនៅរយៈពេលមិនដល់ ៣សប្តាហ៍ទៀតផង។
សូមជម្រាបថា លោក Gabriel Attal គឺជានាយករដ្ឋមន្រ្តីបារាំងដែលបានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២៤ នេះក្នុងវ័យត្រឹម ៣៤ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំបារាំងមានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស៕