ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុនមានជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងជំនួបទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី KAMIKAWA Yoko បានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុងការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជាញឹកញាប់ ដើម្បីរួមចំណែកកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយបានឯកភាពបន្តរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ឱ្យបានទៀងទាត់ ដោយកិច្ចប្រជុំលើកទី២ គ្រោងរៀបចំក្នុងឆ្នាំនេះនៅកម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្មាំសមុទ្រជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ។

រដ្ឋមន្ត្រីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំតាមរយៈការវិនិយោគរបស់ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ហើយ លោកស្រី KAMIKAWA Yoko សន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសជំនួបនេះដែរ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជា និង បានផ្តល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ពីការបន្តរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ លោកឧបនាយករដ្ឋមន្ត្រី បានអរគុណមិត្តជប៉ុនដែលក្នុងនាមជាសហប្រធាន ICC-Angkor បានជួយដល់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌ វប្បធម៌ដែលជាដួងព្រលឹងរបស់កម្ពុជា ហើយភាគីជប៉ុនបានបញ្ជាក់ពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនេះផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណមិត្តជប៉ុនដែលបានរៀបចំអភិក្រមថ្មី (New Cooperation Approach) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៣ដូចខាងក្រោម៖

ទី១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ ដោយក្នុងនោះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយលើផ្នែកទឹកស្អាតនៅទីក្រុងភ្នំពេញ ព្រមទាំងពង្រីកបន្តទៅតាមបណ្តាខេត្ត។ ជប៉ុនក៏នឹងបន្តជួយលើការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅទីក្រុងភ្នំពេញផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលជាអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទី២. ការតភ្ជាប់សមុទ្រដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយក្នុងនោះ ភាគីជប៉ុននឹងបន្តជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជា កំពង់ផែស្នូល និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់។

ទី៣. វិស័យដោះមីន ដែលក្នុងនោះភាគីជប៉ុននិងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះ ដើម្បីបម្រើដល់បុព្វហេតុមនុស្សធម៌ និងសន្តិភាពក្នុងតំបន់ និងពិភពលោក។ លោកស្រីរដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមសហការជាមួយកម្ពុជាដែលជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ាដែលកម្ពុជាបានប្រសិទ្ធនាមថា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» នៅខែវិច្ឆិកាខាងមុខផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងក្របខ័ណ្ឌពហុភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។

បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទាន ឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III) ៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក