រាជធានីភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំងមានករណីមនុស្សចំនួន៧នាក់មានអាការៈពុល បន្ទាប់ពីបានបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរដែលទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។ យ៉ាងណាក្ដី ក្រសួងសុខាភិបាលក៏បានបន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រីអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ក្រសួងសុខាភិបាលក៏បានសង្កត់ធ្ងន់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។
បើតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុលរួមមាន៖
១. ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មាន ទំហំអតិបរមា ៦ស.ម។
២.ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម។
៣. ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម។
៤. ត្រីក្រពតអុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម.។
និង៥. ត្រីក្រពតហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម។
ត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពងនិងស្ពែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
ក្រសួងសុខាភិបាលបញ្ជាក់ថា រោគសញ្ញាកើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោងមានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។
ដោយឡែក វិធីសង្គ្រោះភ្លាមៗ ក្រោយពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់៕