អង់គ្លេស៖ ក្រោយជ័យជម្នះយ៉ានតានតឹងនៅទឹកដី Wolves ១-០ កាលពីយប់មិញ បិសាចក្រហម Manchester United បានបំបែកកំណត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តលីគអង់គ្លេស ក្លាយជាក្រុមដែលមិនចាញ់ការប្រកួតក្រៅដីបានយូរជាងគេបំផុត។
គួរបញ្ជាក់ថា ការប្រកួតនៅកីឡដ្ឋាន Molineux Stadium យប់មិញ ខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៩ឆ្នាំ Mason Greenwood គឺជាតួឯក ក្នុងការរកគ្រាប់ជ័យជម្នះឱ្យ Man Utd នៅនាទីទី៨០ ដែលនាំឱ្យក្លិបជើងឯករងលីគកំពូលអង់គ្លេសមួយនេះ បន្តកំណត់ត្រាមិនទាន់ចាញ់ក្នុងចំណោម ៣ប្រកួតបើកឆាក ដោយឈ្នះ ២ និងស្មើ ១ មាន ៧ពិន្ទុក្នុងដៃ។
ក្រោយការបន្តជ័យជម្នះនៅទឹកដី Wolves យប់មិញនេះ ក្រុមរបស់លោក Ole Gunnar Solsjkaer បានក្លាយជាក្រុមមិនចាញ់សោះនៅក្រៅដី ២៨ប្រកួត ដែលជាកំណត់ត្រាយូរបំផុតក្នុងក្របខណ្ឌ Premier League។ ក្នុងចំំណោម ២៨ប្រកួតនេះ Manchester United ឈ្នះ១៨ និងស្មើ ១០ប្រកួត។ ក្រៅពីកំណត់ត្រានេះ ការប្រកួតម្សិលមិញនេះ ក៏ជាកំណត់ត្រាដឹកនាំប្រកួតទី១០០ របស់ Ole Gunnar Solsjkaer ក្នុងក្របខណ្ឌ Premier League ផងដែរ។
ក្រុមរបស់លោក Ole Gunnar Solsjkaer នឹងត្រូវផ្អាកសកម្មភាពប្រកួតរហូតដល់ថ្ងៃទី១១ ខែកញ្ញា ដោយនឹងបើកទ្វារផ្ទះ Old Trafford ទទួលស្វាគមន៍ Newcastle United មុននឹងបន្តយុទ្ធនាការ Champions League នៅទឹកដីស្វីស ទល់នឹងក្រុមម្ចាស់ផ្ទះ Young Boy នាថ្ងៃទី១៤ ខែកញ្ញា៕