រាជធានីភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបំភ្លឺចំពោះការផ្សាយព័ត៌មានក្លែងក្លាយរបស់គណនី TikTok ឈ្មោះ Chean Dron ដែលមានចរិតបង្ខូចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយបង្ហោះសារថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់គ្រឿងញៀន ត្រូវគេចាប់ចងអនុវត្តទោសគ្មានលើកលែង តែដូចករណីជនបទេស (ចិន) ក្រុមនេះវិញបែរជាចាប់ហើយលែង និងថ្នូរលុយ 330,000$ ចាប់ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ពុំ ជួយពិនិត្យមើលលោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់អស់ហើយខ្មែរ»។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមអនុញ្ញាតរំលឹកជូនសាធារណជនថា គណនីឈ្មោះ Chean Dron បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ហើយមន្ទីរក៏ធ្លាប់បានបំភ្លឺជូនសាធារណជនផងដែរ ប៉ុន្តែម្ចាស់គណនីក្លែងក្លាយនេះនៅតែបន្តទៅបង្កើតគណនី TikTok ឈ្មោះ Chean Dron ដដែលបង្កើតព័ត៌មានក្លែងក្លាយបន្ថែមទៀត ដោយវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថែមទៀត។ ជាថ្មីម្តងទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមបដិសេធទាំងស្រុង នូវព័ត៌មានក្លែងក្លាយរបស់គណនីហ្វេសប៊ុក និង TikTok ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតរបស់ឈ្មោះ Chean Dron។ តាមសេចក្ដីបំភ្លឺរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជាក់ថា បុគ្គលដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើង មានគោលបំណងវាយប្រហារ លាបពណ៌ ធ្វើឱ្យខូចកិត្តិយសដល់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ដែលកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ តស៊ូបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុក និង TikTok ឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្តសញ្ញាណម្ចាស់គណនី Chean Dorn នេះបាន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននឹងផ្តល់រង្វាន់ជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូន។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានថ្លែងអំណរគុណចំពោះសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានលេខទូរស័ព្ទ Hotline ចំនួន៥ ខ្សែ៖ ៦៧០ ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, ០៩៣ ៤៥៦ ៨៨៨ (Smart), ០១១ ២៤៨ ៨៨៨ (Cellcard), ០១៥ ២២២ ២២៦ (Smart) និង ០៦៦ ៦៦១ ៦៦១ (Metfone) រង់ចាំទទួលការរាយការណ៍ពីសាធារណជន៕