
TOP NEWS: អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បុគ្គល៩រូប ដែលកើតកូវីដ១៩ បើមិនបង្ហាញខ្លួនទាន់ពេលវេលា នឹងប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ
(ភ្នំពេញ)៖ ក្នុងការបង្ហោះជាសាធារណៈនៅផេកផ្លូវការររបស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានផ្តាំទៅអ្នកទាំង៩រូបដែលជាអ្នកផ្ទុកជំងឺកូវីដ-១៩ ឲ្យចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេអ្នកនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះ៖ «អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត អ្នកមានជំងឺហើយ តើអ្នកគេចវេះទៅណាទៀត»។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញប្រកាសទុករយៈពេល ៣ថ្ងៃដល់អ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន៩នាក់ដែលគេចវេះមិនព្រមមកទទួលការព្យាបាល។
គួរបញ្ជាក់ផងដែលថា អ្នកជំងឺក្នុងចំណោម៥៦នាក់ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះមានអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត បាននិងកំពុងបន្តបាត់ខ្លួន ដែលអាជ្ញាធររាជធានីភ្នំពេញកំពុងស្វែងរកមិនទាន់ឃើញនោះទេគិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ៕