
នាយករដ្ឋមន្ត្រីបញ្ជាឱ្យបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍តាមក្រសួងនានា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់បង្កើតនូវក្រុមការងារតាមដាន ត្រួវពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានានៅតាមក្រសួង ស្ថាប័ន ហៅកាត់ថា ក.យ.ផ.គ ដើម្បីធានានូវដំណើការការងារដែលចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល។
យោងតាមសារាចរចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវបង្កើត ក.យ.ផ.គ ប្រចាំស្ថាប័នសាមីទាំងអស់ ដោយមានប្រធានមួយរូបជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខា ឬអនុប្រធានស្ថាប័ន និងមានអនុប្រធានជាអគ្គលេខាធិការ ឬអគ្គនាយក ១រូបឬច្រើនរូប និងសមាជិក១ ឬច្រើនដែលមានសមាភាពមកពីមន្ត្រីជំនាញពាក់ព័ន្ធ។
សម្ដេចបញ្ជាក់ក្នុងសារាចរនោះថា៖ «ការបង្កើតក្រុមការងារនេះ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងសក្ដានុពលនៃមុខងារ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលមានស្រាប់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដោយឈរលើអភិក្រម ពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ»។
គួរឱ្យដឹងថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានសម្រេចដាក់ឱ្យប្រើនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកសារយុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់ជាឯកសារគោលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍តាមវិស័យ និងផែនការរបស់ក្រសួង ស្ថាប័ន ដើម្បីធានានូវសង្គតិភាព និងភាពប្រទាក់ក្រឡា ដែលត្រូវ បែងចែកជាពីរកម្រិត រួមមាន៖ កម្រិតទី១). ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងកម្រិត ទី២). ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ឬផែនការរបស់ក្រសួង ស្ថាប័ន ក្នុងនោះផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមវិស័យ ឬផែនការរបស់ក្រសួង ស្ថាប័ន ត្រូវរៀបចំឱ្យមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយព្រមទាំងអាចតាមដានត្រួតពិនិត្យ និងវាយតម្លៃបានដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅនិងគោលបំណង នៃផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕