
សម្ដេចតេជោ៖ កម្ពុជាចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យដោយពឹងផ្អែកលើការខិតខំដោយខ្លួនឯងដោយពុំពឹងផ្អែកទៅលើភាពអនុគ្រោះឬជំនួយពីខាងក្រៅ
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទូតអាល្លឺម៉ង់ថា «កម្ពុជាចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ដោយពឹងផ្អែកលើការខិតខំដោយខ្លួនឯង ដោយពុំពឹងផ្អែកទៅលើភាពអនុគ្រោះឬជំនួយពីខាងក្រៅ» ដោយសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្មើមុខមាត់គ្នា។
សម្ដេចបញ្ជាក់បែបនេះក្នុងជំនួបជាមួយអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក STEFAN MESSERER នៅវិមានព្រឹទ្ធសភា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ថាបើសិនជាពុំមានជំងឺរាតត្បាតកូវីដ-១៩ ប្រហែលកម្ពុជាអាចនឹងឆ្លងដកខ្លួនចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបានលឿន។ តែទោះជាយ៉ាងណាក៏ដោយ ដោយមានការគាំទ្រពីបណ្ដាប្រទេសជាមិត្តភក្ដិ និងការខិតខំប្រឹងប្រែងដោយខ្លួនឯងផង កម្ពុជាបានបើកប្រទេសឡើងវិញ ចាប់ផ្ដើមមានកំណើនសេដ្ឋកិច្ចឡើងខ្ពស់ជាបន្តបន្ទាប់។
ដោយមិននិយាយពីការពឹងផ្អែកលើការអនុគ្រោះពន្ធ ឬជំនួយ សម្ដេចតេជោថា កម្ពុជាបច្ចុប្បន្នកំពុងតែជំរុញការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗ នៅអឺរ៉ុប នៅអាមេរិក និង ប្រទេសជប៉ុន កូរ៉េ ចិន ឱ្យកាន់តែធំថែមទៀត នៅក្នុងក្របខ័ណ្ឌ នៃ RCEP ដែលបានចូលជាធរមាន AFTA កិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចសេរី ជាមួយ ចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះដែរ កម្ពុជា កំពុងតែខិតខំស្វែងរកបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀត។
សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានស្នើដល់ភាគីអាល្លឺម៉ង់ ជំរុញការចរចាដើម្បីឈានដល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុបផងដែរ៕