ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានចិត្តសោកសៅ និងតក់ស្លុតចំពោះមរណភាពរបស់អតីតរដ្ឋមន្ត្រីការបរទេសបារាំងលោក Roland Dumas ដែលសម្ដេចចាត់ទុកថាជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្ដេចបានលើកឡើងបែបនេះបន្ទាប់ពីទទួលដំណឹងពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងជំនួបមួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។
លោក Rolan Dumas គឺជាអតីតរដ្ឋមន្ត្រីការបរទេសបារាំងដែលធ្លាប់ជាសហប្រធានអង្គប្រជុំជាច្រើនក្នុងដំណាក់កាលចរចារស្វែងរកសន្ដិភាព រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកម្ពុជានៅឆ្នាំ១៩៩១។ លោកបានទទួលមរណភាពក្នុងជន្មាយុ ១០១ឆ្នាំ។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកនូវអនុស្សាវរីយនិងទំនាក់ទំនងការងារជាច្រើនជាមួយលោក Rolan Dumas បានធ្វើដើម្បីសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដោយសម្ដេចបានបង្ហាញនូវសមានចិត្តសោកសៅ និងតក់ស្លុតផងដែរបន្ទាប់ពីទទួលដំណឹងនេះ។
Roland Dumas កើតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩២២ គឺជាមេធាវី និងអ្នកនយោបាយសង្គមនិយម ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសក្រោមប្រធានាធិបតី François Mitterrand ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៦ និងពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣ផងដែរ។ លោកបានទទួលមរណភាពនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤៕