ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានណែនាំកងកម្លាំងប្រដាប់អាវុធឱ្យបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការលើកឡើងរបស់ប្រមុខយោធារដ្ឋធានីម៉ានីលបានឱ្យដឹងនៅថ្ងៃទី០៤ ខែកក្កដានេះ ស្របតាមការពិគ្រោះយោបល់នាពេលថ្មីៗ ដែលធ្វើឡើងរវាងមន្ត្រីចិន និងហ្វីលីពីន។ ឧត្តមសេនីយ Romeo Brawner បានប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងយោធាបានបង្ហាញជូនប្រធានាធិបតីនូវជម្រើសជាច្រើនលើប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង រួមទាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញជាប្រចាំដល់កងទ័ពនៅក្នុងដែនទឹកដែលមានជម្លោះ ដែលបានបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង។
ហ្វីលីពីន និងចិន ដែលជាគូប្រជែងដ៏យូរលង់ណាស់មកហើយនៅក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រក្នុងសមុទ្រចិនខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារសម្រាប់តម្រូវការនៃ "ការស្តារទំនុកចិត្ត" និង "កសាងជំនឿជឿជាក់លើគ្នាឡើងវិញ" បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកម្រិតខ្ពស់មួយរវាងភាគីទាំងពីរ។ លោក Brawner ថ្លែងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន ក៏នឹងសម្របសម្រួលជាមួយសមាជិកព្រឹទ្ធសភាម្នាក់ ដែលបានអះអាងថាលោកស្រីបានដឹងអំពីផែនការរបស់ចិន ក្នុងគោលដៅវាយប្រហារលើហ្វីលីពីនដោយប្រើប្រាស់នូវមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង។
គួរឱ្យដឹងថា លោកស្រី Imee Marcos ជាព្រឹទ្ធសមាជិកនៃព្រឹទ្ធសភាដែលជាប្អូនស្រីរបស់លោកប្រធានាធិបតី Ferdinand Marcos Jr និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា បានបង្កឱ្យមាននូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលថ្មីៗនេះ ក្រោយពេលដែលលោកស្រីបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម TikTok ដែលលោកស្រីអះអាងថាជាផែនការរបស់ចិនក្នុងការវាយប្រហារមកលើហ្វីលីពីន។ យ៉ាងណាមិញ លោកស្រីមិនបានបង្ហាញនូវភស្តុតាងជាក់លាក់ណាមួយលើការអះអាងនេះទេ៕