លោករដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់ សម្រាប់គ្រប់ជំនាញទាំងអស់ ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំ នៅតាមបណ្តាខេត្ត។ លេីសពីនេះទៅទៀត លោករដ្ឋមន្ដ្រីបានជំរុញការលេីកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែងទៅតាមទីតាំង និងរូបភាពផ្កាយរណបផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម។
ជាមួយគ្នានេះដែរ លោក បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនាវានុវត្តន៍ភាពឱ្យបានខ្លាំងក្លា ជាពិសេសការពង្រឹងសន្តិសុខឌីជីថល (Cyber Security) ឱ្យមានប្រសិទ្ធិភាពទៅលេីកម្មវិធីកសិកម្ម គេហទំព័រ ការផ្តល់ឯកសារសេវាសាធារណៈ ប្រការចាំបាច់ត្រូវមានភាពម្ចាស់ការ ការគ្រប់គ្រងដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថលនេះ គឺបង្កេីនប្រសិទ្ធភាពការងារ បង្កេីនទំនុកចិត្តលេីការផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដេីម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលេីកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសេីរឡេីង៕