អន្តរជាតិ៖ លោកស្រី Sigrid Kaag អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្គាហ្សាបានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រជាជនប្រមាណ ១,៨លាននាក់ ឬប្រមាណជា ៨០ភាគរយនៃប្រជាជនក្នុងដែនដីតំបន់ហ្គាហ្សា ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ ដោយបន្ថែមថាលោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការបញ្ជាឱ្យជម្លៀសប្រជាជនសាជាថ្មីបន្ថែមទៀតពីតំបន់ Khan Younis។អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២៥០,០០០នាក់ត្រូវបានរងផលប៉ះពាល់ដោយបទបញ្ជាយោធាអ៊ីស្រាអែលសម្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់ Al-Qarara, Bani Suhaila និងតំបន់ផ្សេងទៀតនៅជិតទឹកដីនៃទីក្រុង Khan Younis។
លោកស្រី Sigrid Kaag បានថ្លែងចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ "មនុស្សជាង ១លាននាក់ត្រូវបានបង្ខំចិត្តផ្លាស់ទីលំនៅម្តងទៀត ដើម្បីស្វែងរកទីជម្រក និងសុវត្ថិភាពទាំងអស់សង្ឃឹម ហើយមនុស្សជាង ១.៩លាននាក់ត្រូវបានផ្លាស់ទីលំនៅទូទាំងតំបន់ហ្គាហ្សា ដែលខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការបញ្ជាជម្លៀសថ្មីចេញនៅក្នុងតំបន់ Khan Younis"។ លោកស្រីបន្ថែមថា៖ "ជនស៊ីវិលប៉ាឡេស្ទីននៅហ្គាហ្សាបានធ្លាក់ចូលទៅក្នុងទីជ្រៅនៃទុក្ខវេទនា។ ផ្ទះរបស់ពួកគេត្រូវខ្ទេចខ្ទាំ ជីវិតរបស់ពួកគេរងការក្រឡាប់ចាក់ទាំងស្រុង។ សង្រ្គាមមិនគ្រាន់តែជាការបង្កើតនូវវិបត្តិមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុតនោះទេ ប៉ុន្តែវាក៏បានបង្កនូវទុក្ខវេទនាដល់មនុស្សជាតិទាំងមូលផងដែរ"។
លោកស្រីបញ្ជាក់ថា ជំនួយមនុស្សធម៌ពុំបានចូលទៅដល់ទីតាំងដែលញាំញីដោយការវាយប្រហារឡើយ ហើយថាការបើកច្រកថ្មី ជាពិសេសទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង គឺចាំបាច់ដើម្បីបញ្ចៀសគ្រោះមហន្តរាយលើកិច្ចការមនុស្សធម៌។ លោកស្រីសង្កត់ធ្ងន់ថា ច្រកទ្វារនៃទីក្រុង រ៉ាហ្វា Rafah រវាងតំបន់ហ្គាហ្សា និងប្រទេសអេហ្ស៊ីប គួរតែត្រូវបានបើកឡើងវិញ ហើយថែមទាំងបានអង្វរដល់សហគមន៍អន្តរជាតិឱ្យខិតខំបន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជនស៊ីវិលដែលរងគ្រោះដោយសារសង្គ្រាម។ លោកស្រីរំលឹកថា បរិមាណជំនួយដែលចូលទៅក្នុងតំបន់ហ្គាហ្សាបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជាក់កាលពីម្សិលមិញនេះថា បទបញ្ជាកាលពីម្សិលមិញឱ្យមានការជម្លៀសប្រជាជនលើផ្ទៃដី ១១៧គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Khan Yunis និង Rafah អនុវត្តប្រហែលជាមួយភាគបីនៃតំបន់ហ្គាហ្សាទាំងមូល ដែលធ្វើឱ្យវាក្លាយជាការបញ្ជាឱ្យជម្លៀសដ៏ធំបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា។ អ៊ីស្រាអែលមិនបានប្រកាសជាក់លាក់ថានឹងមានប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាភាគខាងត្បូងនោះទេ ប៉ុន្តែជាក់ស្ដែងស្ទើរតែគ្រប់ការបញ្ជាជម្លៀសចេញសុទ្ធតែបានប្រកាសមុនសមរភូមិធំៗកើតឡើង៕