
សម្ដេចតេជោរំឮកពីការតតាំងជាមួយសភាលើប្រាក់ខែអ្នកតំណាងរាស្ត្រក្នុងសម័យប្រជុំដំបូងរដ្ឋសភាឆ្នាំ១៩៩៣
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយដែលមានរយៈពេល១ម៉ោងបង្ហាញពីការតតាំងរវាងសម្ដេចតេជោជាមួយសមាជិកសភាទាំងអស់លើប្រាក់ខែអ្នកតំណាងរាស្ត្រដែលដាច់ឆ្ងាយពីជីវភាពប្រជាពលរដ្ឋខ្លាំងហួសនៅក្នុងឆ្នាំ១៩៩៣។
ជានាយករដ្ឋមន្ត្រីទី២សម្ដេចតេជោ ហ៊ុន សែន បានឡើងតស៊ូមតិក្នុងការប្រជុំដំបូងរដ្ឋសភា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ថា៖ «បើបូកត្រួសៗលើអត្រាប្រាក់ដុល្លាសព្វថ្ងៃវា ២ ៥៥៧ដុល្លារក្នុងមួយខែគិតទាំងបៀវត្សសេវាកម្មដទៃទៀត! [..] ស្មើប្រាក់ខែនាយករដ្ឋមន្ត្រីមួយឆ្នាំហើយ ហើយសេវាដទៃទៀតជាង៥លានក្នុងមួយខែ យើងទទួលបានទេ! បើយើងបោះឆ្នោតដើម្បីបានប្រាក់ខែ ខ្ញុំក៏ចង់បានដែរប្រាក់ខែអ្នកណាមិនចង់បានលុយ? តែសួរថាយើងអង្គុយនៅទីនេះសុខទៀតទេ?»
ក្នុងវីដេអូនេះបានបង្ហាញពីភាពជាមេដឹកនាំប្រទេសរបស់សម្ដេចដោយបានប្រៀបធៀបការងារសុខស្រួលរបស់អ្នកតំណាងរាស្ត្រជាមួយការលំបាករបស់គ្រូបង្រៀន និងទាហានដែលខ្លះមិនទាន់មានសម្លៀកបំពាក់យោធាសមរម្យស្លៀកទៀតនោះថាមានភាពលំអៀងខ្លាំង។
សម្ដេចថា៖ «នៅពេលដែលយើងគិតខ្ទេច(សម្រាប់ខ្លួនយើង) តើយើងមានគិតថាទាហានយើងនៅសមរភូមិមានអាហ្នឹងគ្រប់ដែរឬទេ? ប៉ូលិសយើងដែលឈរយាមតើមានអាហ្នឹងគ្រប់ដែរទេ? យើងមានមុងឱ្យគេដេកទេក្នុងពេលដែលគេអត់មុង?»
សម្ដេចតេជោ បន្ថែមទៀតថាបើសមាជិកសភានៅតែបន្តគាំទ្រគម្រោងចំណាយដ៏លើសលុបខុសគ្នាខ្លាំងនេះរដ្ឋាភិបាលគ្មានជំរើសអ្វីក្រៅពីធ្វើតាម ហើយមានតែកាត់បន្ថយថវិកាពីគម្រោងអភិវឌ្ឍន៍នានាមកឱ្យអ្នកតំណាងរាស្ត្រវិញ។
សម្ដេចថា៖ «មានតែបន្ថយថវិការធ្វើផ្លូវ បន្ថយថវិកាធ្វើធារាសាស្ត្រយកមកឱ្យសភាចាយតែប៉ុនហ្នឹងទេ!»។
សម្ដេចតេជោបានផ្ដាំឱ្យសភាគួរធ្វើជាគំរូល្អរស់នៅជាមួយប្រជាពលរដ្ឋ កុំធ្វើខ្លួនដាច់ពីស្ថានភាពសង្គម៕