ស្នងការរាជធានីភ្នំពេញបញ្ជាឱ្យកោះហៅមន្រ្តីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា ២នាក់ មកសួរនាំក្រោយករណីឃាត់ម៉ូតូនារីម្នាក់ដួលនៅលើផ្លូវ២០០៤
រាជធានីភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់សន្យា ២នាក់ មកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បន្ទាប់ពីកើតមានការរិះគន់យ៉ាងខ្លាំងទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា)មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូរបស់ក្មេងស្រីម្នាក់ បណ្តាលឲ្យដួល ហើយបែរជានាំគ្នាឈរមើល ក្នុងនោះក៏ឃើញមានមន្រ្តីប៉ូលិសចរាចរណ៍មួយរូប ក៏ឈរមើលដូចគ្នាផងដែរ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្ដដានេះ បានឲ្យដឹងថា មន្រ្តីទាំងពីរនោះ មន្រ្តីជំនាញកំពុងសួរនាំ និងរងចាប់បទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី៕