
កាន់តែកៀកមែនទែនហើយ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣សម្រេចបាន៨៣,៥៨%ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ
ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពត(បំបែកផ្លូវជាតិលេខ៣ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលទ្ធផលបាន៨៣,៥៨%ហើយគិតត្រឹមបំណាច់ខែមិថុនាឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់ និងតែងចង្អុលបង្ហាញឱ្យលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ យកចិត្តទុកដាក់ និងចុះជាប់ជាប្រចាំលើដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងវឌ្ឍនភាពការងារ ពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ជាប្រចាំ។
លោក ប៉ាល់ ចន្ទតារា តែងមានវត្តមាន និងចាត់ឱ្យតំណាងចុះពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ដើម្បីធានាឱ្យប្រាកដថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
លោកប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង តែងបានណែនាំដល់ក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។ លើសពីនេះទៅទៀតក្រុមហ៊ុន ត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ព្រមទាំងដាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។
គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលមានតម្លៃជាងសង់ជាង៦១លានដុល្លារអាមេរិក និងមានរយៈពេល៤០ខែ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC),ទីប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ជាប្រភេទក្រាលបេតុងកៅស៊ូ(AC)៕