
លោក ចាយ បូរិន ណែនាំមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី ត្រូវតៀមលក្ខណៈរួចជាស្រេចរៀបចំពិធីទូងស្គរ វ៉ៃឃ្មោះ គ្រប់បណ្តាវត្តអារាម និងបណ្តាវិហារសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទី
លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមដោយលោកជំទាវ វិន សុីធួន អភិបាលរង តំណាងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី បានគោរពជម្រាបជូន លោក រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ គិតត្រឹម៦ខែដើមឆ្នាំ២០២៤ របស់មន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី បានអនុវត្តការងារប្រព្រឹត្តទៅដោយរលូនទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក ដោយ ផ្អែក តាម គោល នយោ បាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើឲ្យមន្ទីរ សម្រេចបាននូវការងារដឹកនាំ និងគ្រប់គ្រងវិស័យធម្មការ និងសាសនានៅក្នុងខេត្ត ពោលគឺអាចវាយតម្លៃបានថា ទាំងស្ថានភាពសិទ្ធិសេរីភាពក្នុងជំនឿសាសនារបស់ប្រជាពលរដ្ឋ ទាំងសណ្ដាប់ធ្នាប់ក្នុងវិស័យសាសនា ទាំងការលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងទាំងការរក្សាសុខដុមនីយកម្មសាសនានៅក្នុងសង្គម មានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានោះ គ្រប់សហគមន៍សាសនា បានចូលរួមក្នុងការអភិឌ្ឍសង្គមជាតិយ៉ាងផុលផុសផងដែរ។
លោក រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរីបានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះបន្ទាប់ពីបានស្តាប់នូវរបាយការណ៍ដែលលោកប្រធានមន្ទីរធម្មការនិងសាសនា បានរាយការណ៍ពីវឌ្ឍនភាព បញ្ហាប្រឈម និងសំនូមពរជាក់ស្តែងចាំបាច់ ដូចនេះចំពោះកិច្ចការមួយចំនួនឯកឧត្តម រដ្ឋមន្រ្តី នឹងយកទៅពិចារណាជាមុនសិន និងសូមឲ្យមន្ត្រីរាជការយើងក្តាប់ការងារក្នុងវិស័យសាសនាក្នុងខេត្តឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត ព្រមទាំងសិក្សាស្រាវជ្រាវនៅជំនឿបងប្អូនជនជាតិដើមភាគតិច ដើម្បីរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យស្រេចបានត្រឹមឆ្នាំ២០២៥ ។
នាឱកាសនេះ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានណែនាំដល់មន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរធម្មការនិងសាសនាខេត្តនានា ត្រូវតៀមលក្ខណៈរួចជាស្រេចរៀបចំ ពិធីទូងស្គរ វ៉ៃឃ្មោះ គ្រប់បណ្តាវត្តអារាម និងបណ្តាវិហារសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងនាមជាមន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា ដូចនេះចំបាច់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រសួង ពិសេសរៀបចំគ្រប់គ្រងសាសនាទាំងអស់ដែលមាននៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួនធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ ពិនិត្យតម្រង់ទិស ផ្សព្វផ្សាយបំពេញបន្ថែមនូវចន្លោះខ្វះខាតរបស់មន្រ្តីធម្មការនៅគ្រប់បណ្តារាជធានី-ខេត្ត និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន។
លោក រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពចាំបាច់របស់មន្រ្តីរាជការនៃបណ្តាមន្ទីរធម្មការនិងសាសនាទូទាំងរាជធានី-ខេត្តទាំងអស់មានសារៈសំខាន់ណាស់ ដោយយើងធ្វើការផ្តោតទៅលើទំនៀមទំលាប់ប្រពៃណី ការអភិរក្ស ដូចនេះគ្រប់មន្រ្តីទាំងអស់ត្រូវមានវិជ្ជាជីវៈ និងចំណេះដឹងខ្ពង់លើគ្រប់សាសនា ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ៕