លោក ដូណាល់ ត្រាំ ប្រកាសពីជ័យជម្នះលើការតតាំងតាមផ្លូវតុលាការ មុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់
អន្តរជាតិ៖ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បានចេញមុខមកអបអរសាទរភ្លាមៗនៅលើបណ្ដាញសង្គមនាថ្ងៃទី០២ ខែកក្កដានេះ ក្រោយពីលោកទទួលបានការសម្រេចសេចក្ដីរបស់តុលាការកំពូលអាមេរិកលើការទាមទារអភ័យឯកសិទ្ធិប្រធានាធិបតី។ នៅលើបណ្ដាញសង្គម Truth Social លោកបង្ហោះសារមួយយ៉ាងដូច្នេះថា៖ “Big win for our constitution and democracy,” ដែលមានន័យជាភាសាខ្មែរថា "ជាជ័យជម្នះដ៏ធំសម្រាប់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យរបស់យើង" ហើយលោកបញ្ជាក់បន្ថែមថាជា "មោទនភាពក្នុងនាមជាពលរដ្ឋអាមេរិក"។
គួរឱ្យដឹងថា ការសម្រេចសេចក្ដីរបស់តុលាការកំពូលគ្រានេះគឺមានន័យថា លោក Trump នឹងមានពេលវេលាគ្រប់គ្រាន់ ព្រមទាំងសិទ្ធិសេរីភាពពេញលេញដើម្បីប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រនាការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលគ្រោងធ្វើឡើងនាខែវិច្ឆិកាខាងមុខ ខណៈសវនាការផ្សេងៗនឹងត្រូវបន្តក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកបញ្ចប់។ លោក ដូណាល់ ត្រាំ ត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំលទ្ធផលនៃការបោះឆ្នោត កាលពីឆ្នាំ២០២០។
យ៉ាងណាក្ដី ការសម្រេចសេចក្ដីខាងលើគឺជារឿងរ៉ាវដ៏ស្មុគស្មាញ និងចម្រូងចម្រាស់បំផុតមួយ ជាមួយសំឡេង ៦-៣ នៃចៅក្រមតុលាការកំពូលអាមេរិក។ ចៅក្រម ៦រូបបានសម្រេចសេចក្ដីផ្តល់ឯកសិទ្ធិប្រធានាធិបតីដល់លោក Trump ទាក់ទងនឹងបទចោទប្រកាន់នេះ ខណៈចៅក្រម ៣រូបផ្សេងទៀតមានទស្សនៈផ្ទុយ ដោយអះអាងថាសកម្មភាពរបស់លោក Trump បានបង្ហាញច្បាស់ណាស់អំពីថាលោកមិនស្ថិតក្រោមច្បាប់របស់អាមេរិក។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគេរំពឹងទុកនោះគឺប្រសិនបើលោក Trump ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិកក្នុងខែវិច្ឆិកានោះ អ្នកដែលត្រូវបានតែងតាំងឱ្យទទួលបន្ទុកកិច្ចការយុត្តិធម៌អាចនឹងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងលោកទាំងស្រុង៕