លោកយាយ ព្រំ កួយ រំជួលចិត្តត្បិតក្លាយជាមនុស្សទី៩លានដែលទទួលវ៉ាក់សាំងហើយបានប្រាក់ ១០លានរៀលសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ: ថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន១០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យបុគ្គលទី៩លាន ដែលទទួលបានការចាក់វ៉ាក់សាំងរំភើបចិត្ត ទប់ទឹកភ្នែកពុំបាន ខណៈលោកយាយ ព្រំ កួយ បានទាំងការចាក់វ៉ាក់សាំងការពារអាយុជីវីតនិងបានទាំងថវិកាលើកទឹកចិត្ត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកយាយ ព្រំ កួយ បាននិយាយទាំងអួលដើមករមិននឹកស្មានថាមានភ័ព្វសំណាងបានប្រាក់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។
"លោកយាយ ក៏សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ដើម្បីបន្ដដឹកនាំកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
អំណោយដែលនាំទៅជូនទៅ លោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ក្រៅតែពីថវិកា១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម៕