ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ។
សមាគមសិល្បករខ្មែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ហើយបច្ចុប្បន្នមានអាយុ១៨ឆ្នាំ ឬ៦អាណត្តិហើយ។ សមាគមសិល្បករកម្ពុជាចូលរួមចំណែកក្នុងការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាបាននូវឋានៈកិត្តិយសសិល្បករជាតិតាមរយៈការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈ និងវប្បធម៌ជាតិ និងការបង្កើតកម្លាំងស្នូល។
សមាគមសិល្បករខ្មែរបានកៀងគរសប្បុរសជន និងអ្នកមានសក្ដានុពលដើម្បីជួយលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ជាពិសេសស្វែងរកធនធានសម្រាប់បណ្តុះបណ្តាល និងចម្រាញ់សិល្បករវ័យក្មេង ដើម្បីបង្កើតស្នាដៃសិល្បៈថ្មីៗ។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរបានចូលរួមចំណែកក្នុងការអភិរក្សផ្សព្វផ្សាយ និងអភិវឌ្ឍន៍សិល្បៈ និងវប្បធម៌ជាតិដើម្បីជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរាឬអ្នកដែលបាត់បង់សមត្ថភាពសម្តែងក៏ដូចជាចូលរួមនៅក្នុងសង្គម និងកិច្ចការមនុស្សធម៌ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានទទួលគណៈប្រតិភូពីសមាគមសិល្បករខ្មែរជាផ្លូវការនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូដឹកនាំដោយលោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរទើបជាប់ឆ្នោតបានចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាអំពីអនាគតរបស់សមាគម និងវិសាលភាពទូលំទូលាយនៃសិល្បៈខ្មែរ៕