បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត យុវជន ទូទាំងខេត្តបន្ទាយមានជ័យ ប្រមាណជិត២០០០នាក់ បានអញ្ជើញចូលរួមអបអរសាទរ ពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែ គឹមយ៉ាន សមាជិករដ្ឋសភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធធ្វេីឡេីងនៅក្នុងបរិវេណ សាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
នាឱកាសនោះដែរ លោក កែ គឹមយ៉ាន ក៏បានជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅតាមសាលារៀន វត្តអារាម សាលឃុំ-សង្កាត់ និងទីកន្លែងចាំបាច់ផ្សេងៗទៀត ក្នុង គោលដៅធ្វើយ៉ាងណាឱ្យសហគមន៍នីមួយៗមានពណ៌បៃតង ប្រកបដោយបរិស្ថានបរិយាកាសស្រស់ស្រាយ ដែលជាសម្បត្តិមហាសាលសម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើផែនដីយើងនេះ។ លោក បន្តថា តាមរយៈសកម្មភាពនៃការដាំកូនឈេី គឺបានឆ្លុះបញ្ចាំងឱ្យឃើញនូវការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយជាការងាររួមដែលឱ្យយើងអាចដោះស្រាយការប្រឈមនឹងគ្រោះមហន្តរាយបណ្តាលមកពីការបាត់បង់ព្រៃឈើ ។ លោក ក៏បានបញ្ជាក់ថា ការបាត់បង់ព្រៃឈើពិតជាបាននាំមកនូវគ្រោះមហន្តរាយ យ៉ាងធំធេងដល់ភពផែនដីយើងនេះដូចជា៖ ធ្វើឱ្យមានការបំរែបំរួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី គ្រោះ រាំងស្ងួត ភ្លើងឆេះព្រៃ បាត់បង់ជីវសាស្ត្រចំរុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) និងគ្រោះទឹកជំនន់បង្កឱ្យលិចលង់ផ្ទះសំបែង ដីស្រែ ចំការ ផលដំណាំ បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត មនុស្ស សត្វ ថែមទៀតផង។ ផ្ទុយទៅវិញបើមានព្រៃឈើ យើងពិតជាអាចចៀសផុតនូវរាល់គ្រោះមហន្តរាយ ផ្សេងៗដែលបានកើតឡើងខាងលើ។
លោក កែ គឹមយ៉ាន់ ក៏បានអំពាវនាវដល់បងប្អូន និងក្មួយៗ ទាំងអស់ ត្រូវនាំគ្នាចូលរួមដាំឈើឡើងវិញនៅលើដីចំការ តាមព្រំដី តាមភ្លឺស្រែរបស់ខ្លួន ជាពិសេសនៅលើដីចំការដែលហឹល ខ្សោះជីជាតិ មិនអាចធ្វើដំណាំកសិកម្មបាន ហើយដាំប្រភេទកូនឈើប្រណីតក្នុងស្រុក និងកូនឈើមានការលូត លាស់លឿនមិនរើសដីដើម្បីធ្វើឱ្យបរិស្ថានមានភាពប្រសើរឡើងវិញ កាត់បន្ថយនូវគ្រោះធម្មជាតិគ្រប់បែបយ៉ាង ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ ។
សូមបញ្ជាក់ផងដែរថា កូនឈេីដែលត្រូវដាំ ក្នុងពិធីបុណ្យរុក្ខទិវា នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៤នេះ បានគ្រោងកូនឈើដែលនឹងត្រូវដាំនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ គឺមានកូនឈើសរុបចំនួន៦៥០ដើម ក្នុងនោះមានប្រភេទឈើ ធ្នង់៣០០ដើម, ក្រញូង២០០ដើម, ត្របែកព្រៃ១០០ដើម និងចាន់គិរី៥០ដើម និងមានកូនឈើសម្រាប់ចែកជូនតាមបណ្តាអង្គភាព ក្រុង-ស្រុក និងប្រជាពលរដ្ឋចំនួន៥០០០ដើមផងដែរ៕