កីឡាករវាយសីឆ្នើមជម្រើសជាតិចិនម្នាក់ ដួលសន្លប់ និងស្លាប់ក្រោយឧបទ្ទវហេតុក្នុងការប្រកួតនៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ កីឡាករវាយសីឆ្នើមជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង ក្នុងវ័យត្រឹម១៧ឆ្នាំប៉ុណ្ណោះ ក្រោយពីរូបគេបានដួលសន្លប់បាត់ស្មារតីនៅលើទីលានអំឡុងពេលការប្រកួតវាយសីមួយដែលបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ កីឡាករចិន Zhang Zhijie ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ អំឡុងការប្រកួតកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅទល់នឹងកីឡាករជប៉ុន Kazuma Kawano ក្នុងព្រឹត្តិការណ៍ Asia Junior Championships ក្នុងទីក្រុង Yogyakarta។
គួរឱ្យដឹងថា កីឡាកររូបនេះបានទទួលការសង្គ្រោះបឋមភ្លាមៗនៅទីលានប្រកួត និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្តដោយសារស្ថានភាពធ្ងន់ធ្ងរពេក ប៉ុន្តែក្រុមគ្រូពេទ្យនៅតែមិនអាចជួយសង្គ្រោះអាយុជីវិតគេបាន។ លោក Broto Happy អ្នកនាំពាក្យសមាគមកីឡាវាយសីនៃប្រទេសឥណ្ឌូនេស៊ី (PBSI) បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា "ការសន្និដ្ឋានផ្នែកវេជ្ជសាស្រ្តជាបឋម បានបង្ហាញថាជនរងគ្រោះបានស្លាប់ដោយអាការៈគាំងបេះដូងភ្លាមៗ"។ លោកបន្ថែមថា បច្ចុប្បន្នឪពុកម្តាយរបស់កីឡាកររូបនេះកំពុងធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីទទួលសាកសពរបស់កូនត្រឡប់ទៅប្រទេសចិនវិញ។
អ្នកនាំពាក្យសមាគមកីឡាវាយសីនៃប្រទេសឥណ្ឌូនេស៊ីក៏បានថ្លែងការពារលើសកម្មភាពនៃក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ និងក្រុមការងាររៀបចំកម្មវិធីផងដែរ ក្រោយគេប្រទះឃើញភាពស្ទាក់ស្ទើរលើការសម្រេចចិត្តជួយសង្គ្រោះភ្លាមៗ អំឡុងពេលកីឡាកររូបនេះបានដួលសន្លប់ផ្កាប់មុខនៅលើទីលាន។ លោកបញ្ជាក់ថា ក្រុមសង្គ្រោះរង់ចាំការអនុញ្ញាតពីអាជ្ញាកណ្ដាល ដើម្បីចូលទៅពិនិត្យអាការៈរបស់កីឡាកររូបនេះ។
សមាគមកីឡាវាយសីអាស៊ី និងសមាគមកីឡាវាយសីឥណ្ឌូណេស៊ីក៏បានចូលរួមរំលែកទុក្ខ និងបញ្ជាក់ថា "ពិភពកីឡាវាយសីបានបាត់បង់កីឡាករដ៏មានទេពកោសល្យម្នាក់" និងដោយឡែក សមាគមកីឡាវាយសីចិនបានសំដែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំទៅលើករណីនេះ។ គួរឱ្យដឹងថា យុវជន Zhang បានចាប់ផ្តើមលេងកីឡាវាយសីតាំងពីនៅរៀនថ្នាក់មតេ្តយ្យ ហើយបានចូលរួមជាមួយក្រុមយុវជនជម្រើសជាតិរបស់ប្រទេសចិនកាលពីឆ្នាំមុន។ កាលពីដើមឆ្នាំនេះ គេក៏បានឈ្នះពានរង្វាន់ឯកត្តជននៅក្នុងកម្មវិធី Dutch Junior International ដែលជាការប្រកួតយុវជនដ៏ល្បីល្បាញមួយក្នុងពិភពលោក។
សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានបង្ហាញការសោកស្តាយទៅលើមរណភាពរបស់កីឡាករវ័យក្មេងដែលពោរពេញទៅដោយទេពកោសល្យរូបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ BWF បញ្ជាក់ថា "យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារ និងមិត្តរួមក្រុមរបស់គាត់ និងជូនដល់សមាគមកីឡាវាយសីចិន និងសហគមន៍កីឡាវាយសីចិនទាំងមូល"៕