ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១

ភ្នំពេញ: រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ គិតមកទល់ពេលនេះព្រះរាជាណាចក្រកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២លាននាក់។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះមុនផែនការដែលបានគ្រោងទុក។ ក្នុងគោលបំណងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស និងអាចឈានទៅបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នាពេលដ៏ខ្លីខាងមុខនេះរាជរដ្ឋាភិបាល បានធ្វើការណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តការងារមួយចំនួនបន្ថែមទៀតមាន ៖ ១, គណៈអភិបាលរាជធានី-ខេត្ត ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងលើការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយចាត់ទុកជាការងារស្នូលអាទិភាពខ្ពស់បំផុតរបស់ខ្លួនជាពិសេសត្រូវសម្រេចឱ្យបានឆាប់រហ័សនូវការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋាន ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងត្រួតពិនិត្យការងារចាក់វ៉ាក់សាំងដោយប្រើប្រាស់គំរូតារាងព័ត៌មាន ដែលត្រូវបានរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ។ ២, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ត្រូវពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលាទាក់ទងនឹងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន “មិនអនុញ្ញាតឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនត្រូវការវាក់សាំងនោះទេ”។ ៣, គណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វើបច្ចុប្បន្នកម្មឡើងវិញឱ្យបានច្បាស់លាស់ និងឆាប់រហ័សអំពីចំនួនប្រជាជនជាក់ស្តែងនៅមូលដ្ឋានដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនៅកម្រិតថ្នាក់ឃុំ-សង្កាត់ និងញែកចេញចំនួនប្រជាជនចំណាកស្រុក ដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីកន្លែងផ្សេងដើម្បីឈានទៅសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមូលដ្ឋាននោះ។ (ត្រូវធ្វើការជូនដំណឹងជាសាធារណៈ អំពីការត្រៀមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩) ដោយកំណត់អំពីទីតាំងសម្រាប់ការផ្តល់សេវាចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព (ផ្អែកតាមស្ថានភាពនៃភូមិសាស្រ្តជាក់ស្តែងនីមួយៗ) ៤, សម្រាប់ក្របខណ្ឌទូទាំងប្រទេសផ្អែកលើមូលដ្ឋាននៃវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងលើចំនួនជាក់ស្តែងនៃប្រជាជននៅមូលដ្ឋាន និងលទ្ធផលនៃការធ្វើបច្ចុប្បន្នកម្មចំនួនប្រជាជននៅតាមបណ្តារាជធានី-ខេត្ត គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវធ្វើការបូកសរុប និងវាយតម្លៃដើម្បីស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ក្នុងការបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ តាមរាជធានី-ខេត្តនីមួយៗជាបន្តបន្ទាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក