សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីលក្ខណៈគ្រួសារ ​ជាមួយគូរស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយ​ជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

រាជធានីភ្នំពេញ៖ ក្នុងមនោសញ្ចេតនានឹករលឹក ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងស្វែងយល់ពីសុខទុក្ខ ស្ថានភាពគ្រួសាររបស់គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរបបអាវខ្មៅខ្មែរក្រហមនោះ, នាព្រឹកថ្ងៃអាទិត្យ ទី ៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះ សំណាល និងពិសារអាហារសាមគ្គីជាលក្ខណៈគ្រួសារ ជាមួយគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេច នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។ បច្ចុប្បន្នគូស្វាមី-ភិយា ដែលនៅមានជីវិតមានចំនួនចំនួន ៣គ្រួសារ ស្ត្រីមេម៉ាយចំនួន៤គ្រួសារ និងពោះម៉ាយ ចំនួន១គ្រួសារ។

គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូ រាប់ទាំងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះគូទី១ គឺ ស.ម អ៊ាន សុផលនិង ស.ម នារី ឆាង ញ៉ គូទី២គឺ ស.ម ចាន់ សេង និង ស.ម នារី ម៉ម ខំ គូនេះ(ស្វាមីស្លាប់) គូទី ៣ ស.ម ស៊ីន ហុង និងស.ម នារី អ៊ុន ស៊ឺម គូទី៤ គឺ ស.ម រ៉ាយ បឿន និងស.ម នារី យឿន គូនេះ(ស្វាមីស្លាប់) គូទី ៥ គឺ ស.ម វ៉ា សំ អឿន និងស.មនារី ញឹម ណាន គូនេះ(ស្វាមីស្លាប់) គូទី៦ ស.ម ញៀត ផល្លា និង ស.ម នារី រស់ រ៉ន គូនេះ(ស្វាមីស្លាប់) គូទី៧ ស.ម ស៊ីន និងស.មនារី វ៉ាន្នី គូនេះ(ស្វាមីស្លាប់) គូទី៨ គឺ ស.ម យ៉ាំ សែម និងស.មនារី ប៊ុន ថុល គូទី៩ គឺស.ម ច្រឹក សុវណ្ណ និងស.មនារី ណាត គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) គូទី ១០ គឺ ស.ម សួន គា និងស.ម នារី ម៉ី សេក គូនេះ បែកគ្នា ហើយ(ស្វាមីស្លាប់) គូទី ១១ គឺ ស.ម ឈួន សាគំ និងស.មនារី សែត គូនេះ( ភរិយា ស្លាប់) គូទី១២ គឺ ស.ម ហែម និង ស.មនារី វណ្ណា គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) និងគូទី១៣ ស.ម ហ៊ុន បូ ណាល់ និង ស.ម នារី ភី បច្ចុប្បន្ន គឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានរយៈពេល ៤៨ឆ្នាំហើយ។ អាពាហ៍ពិពាហ៍របស់សម្តេចបានរៀបចំឡើងដោយពួកខ្មែរក្រហម ដែលមានគូស្រករចំនួន១២គូផ្សេងទៀត។ គ្រានោះគឺជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះ គ្មានឡើយសូម្បីសម្លៀកបំពាក់ប្រពៃណី, ភ្លេងប្រពៃណីខ្មែរ, ភ្លេងព្រះថោងតោងស្បៃ, គ្មានការអនុញ្ញាតឱ្យសាច់ញាតិចូលរួម និងគ្មានការចូលរួមអបអរសាទរពីមិត្តភក្តិដែរ។ ជារួមគឺរៀបអាពហ៍ពិពាហ៍ក្នុងឈុតសម្លៀកបំពាក់ព័ណ៌ខ្មៅ ហើយមានតែក្រុមអង្គការខ្មែរក្រហមប៉ុណ្ណោះធ្វើជាសាក្សី។ ក្រោយបញ្ចប់កម្មវិធីអាពាហ៍ពិពាហ៍ ក៏គ្មានរាត្រីទឹកឃ្មុំ ឬដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្នដែរ។ 

អាពាហ៍ពិពាហ៍គ្រានោះគ្មានការជួបជុំពិសារភោជនាហារដូចការរៀបចំពិធីអាហ៍ពិពាហ៍សព្វថ្ងៃនេះឡើយ។  រយៈពេលប្រមាណ ២៨ម៉ោងក្រោយពិធីរៀបការ ទើបគូស្នេហ៍មួយគូៗបានទទួលទានអាហារពេលល្ងាចដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើឡើងនៅលើផ្ទះប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ 

ចំណងអាពាហ៍ពិពាហ៍របស់សម្តេចទាំងទ្វេ បានបន្សល់ទុកនូវការឈឺចាប់បំផុត ពិសេសការបាត់បង់កូនប្រុសដំបូង ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបខ្មែរក្រហម ហើយត្រូវព្រាត់ប្រាស់ភរិយាទាំងកូនក្នុងផ្ទៃដើម្បីចេញតស៊ូរំដោះជាតិ។ ការរស់នៅលាក់ប្រវត្តិគ្រប់ទីកន្លែង ទាំងកូនក្នុងផ្ទៃ។ ការវិលជួបជុំគ្រួសារវិញ កូនមិនស្គាល់ឪពុក ដែលនោះសុទ្ធតែជាប្រវត្តិឈឺចាប់បំផុតមិនអាចបំភ្លេចបានក្នុងឆាកជីវិតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ជីវិតស្វាមី-ភរិយារបស់សម្តេចទាំងទ្វេរគឺលំបាកខ្លាំងណាស់ ដោយសារតែជីវិតគូនេះ បានចាប់កំណើតឡើងក្នុងគ្រាប្រទេសជាតិមានកលិយុគ្គ និងវិបត្តិនៃភ្លើងសង្គ្រាម។  

ជីវិតស្វាមី-ភរិយារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្សារភ្ជាប់ជានិច្ចជាមួយព្រឹត្តិការណ៍របស់ជាតិ ក្នុងដំណាក់កាលដ៏សែនលំបាកដែលបង្កឡើងដោយសង្គ្រាម រហូតសម្តេចបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ចំណងដៃអាពាហ៍ពិពាហ៍ក្នុងប្រទេសមានសង្រ្គាមនោះ សម្តេចទាំងពីរទទួលបានបុត្រចំនួន៦រូប តែមួយរូប ត្រូវបានទទួលមរណភាព ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះ គឺកុមារា «ហ៊ុន កម្សត់»។ 

ផ្តើមចេញពីជីវិតប្តីប្រពន្ធតែ ២នាក់កាលពី ៤៨ឆ្នាំមុន បច្ចុប្បន្នក្រុមគ្រួសារ សម្តេចមានសមាជិករហូតដល់ ៣៤នាក់ដែល ក្នុងនោះកូនបង្កើត និងកូនប្រសារចំនួន ១០នាក់ ចៅចំនួន ២២នាក់។

ក្នុងជំនួបសំណេះសំណាល និងពិសារអាហាសាមគ្គី នោះ សម្តេចទាំងទ្វេរបានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសបានជួបក្រុមគ្រួសារស្វាមី-ភរិយា រួមថ្ងៃអាពាហ៍ពិពាហ៍ទាំងអស់នោះ ព្រមទាំងបានរំឭកពីប្រវត្តិដ៏ជូរចត់នៃអាពាហ៍ពិពាហ៍ និងការរស់នៅដោយភាពភ័យខ្លាចរកអ្វីប្រៀបផ្ទឹមពុំបានកាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ 

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម ដល់ គូស្វាមី-ភរិយា ចំនួន៨គ្រួសារដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះក្នុង១គ្រួសារៗ ជូនថវិកាចំនួន២០លានរៀល។ សម្តេចតេជោបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចនឹងឧបត្ថម្ភថវិកាប្រចាំខែដល់គ្រួសារនីមួយៗខាងលើ ក្នុង១ខែ ថវិកា១លានរៀលសម្រាប់ជួយសម្រាលបន្ទុកគ្រួសារ។ ដោយឡែកសម្រាប់កូន និងចៅគ្រួសាររបស់ទាំង១២គូនោះសម្តេចបានសន្យានឹងជួយពួកគេឲ្យទទួលបានការសិក្សាដ៏សមរម្យ។ ចំពោះអ្នកដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចនឹងផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ ដោយឡែក សម្រាប់អ្នកប្រឡងធ្លាក់ សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្តេចនឹងផ្តល់អាហារូបរណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក