
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត
រាជធានីភ្នំពេញ៖ គោលការណ៍ស្រូបទោសដែលកំពុងមានក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អាចនឹងត្រូវលុបចោលនាពេលអនាគតដោយវិសោធនកម្ម។ នេះបើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌កាលពីម្សិលមិញនេះ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក កើត រិទ្ធ ថ្លែងថា៖ "បើតាមគោលការណ៍ស្រូបទោស ប្រសិនបើមានសាលក្រមពីរ គេអាចប្រើប្រាស់គោលការណ៍នេះដើម្បីស្រូបទោសបញ្ចូលគ្នា ដូច្នេះករណីនេះ (ឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា) ទោសច្រើនបំផុតត្រឹមរយៈពេល ១៥ឆ្នាំប៉ុណ្ណោះ។ អញ្ចឹងហើយទើបបាមជាំអយ្យការបំបែកសំណុំរឿងនេះជា ២ ដោយអនុវត្តទោសនៃសាលក្រមមួយចប់ នឹងត្រូវអនុវត្តទោសនៃសាលក្រមមួយទៀតបន្ត។ នេះជាគោលការណ៍ដែលពន្ធនាគារកំពុងអនុវត្តនាពេលបច្ចុប្បន្ន"។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់បន្តថា៖ "ចំពោះគោលការណ៍ស្រូបទោសនេះដើម្បីឱ្យមានភាពជ្រះស្រឡះតែម្តង នាពេលវិសោធនកម្មក្រម (ព្រហ្មទណ្ឌ) នេះ គឺយើងលុបគោលការណ៍ស្រូបទោសនេះចេញ ដើម្បីជម្រះនូវមន្ទិលសង្ស័យទាំងអស់"។ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បញ្ជាក់បន្ថែមថា ការលុបចោលនូវគោលការណ៍ស្រូបទោសនេះ មិនមែនដោយសាររឿងនេះ (ករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា) ទេ គឺដោយសារតែស្ថានភាពនៃសង្គម និងតម្រូវការយុត្តិធម៌នៃសង្គមយើង ដែលនេះគឺជាស្មារតីដែលគ្រោងធ្វើឡើងតាំងពីក្រោយពេលបញ្ចប់មហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេសកាលពីចុងខែមីនាកន្លងទៅ។
គួរបញ្ជាក់ថា ការស្រូបទោស គឺជាវិធានមួយដែលគេប្រើក្នុងការប្រកាសទោសរួមនៃបទល្មើសត្រួតគ្នា ក្នុងព្រំដែននៃអតិបរមាស្របច្បាប់ ដែលត្រូវអនុវត្តលើបទល្មើសនីមួយៗ មានន័យថា ប្រសិនបើមានទោសច្រើនស្ថិតនៅក្នុងទោសប្រកាសដោយតុលាការ ទោសទាំងនោះត្រូវយកទៅអនុវត្តនៅក្នុងពេលតែមួយប៉ុណ្ណោះ។ វិធានអនុវត្តពាក់ព័ន្ធនឹងគោលការណ៍ស្រូបទោសមានចែងក្នុងមាត្រាមួយចំនួនដូចជា មាត្រា១៣៧, មាត្រា១៣៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៥០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕