អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនជាតិវៀតប្រមាណជិត១០នាក់ ដកហូតបានថ្នាំញៀន និង អាវុធខ្លី២ដើម.!
ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម)មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា មានកម្លាំងសមត្ថកិច្ចកងរាជអាវុធខេត្តព្រះសីហនុ បានចូលព័ទ្ធចាប់ផ្ទះវីឡា និង ផ្ទះល្វែងមួយល្វែងទៀតទៅទល់មុខគ្នា ដោយឃាត់ខ្លួនបានជនជាតិបរទេស(វៀតណាម)ប្រមាណជិត១០នាក់ វត្ថុតាង រថយន្តទំនើប គ្រឿងញៀនមួយចំនួន និង អាវុធខ្លី២ដើម។
នេះបើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ចំណុចទីតាំងផ្ទះខាងលើ នៅម្តុំសេតេ ខាងក្រោយផ្ទះសូវៀត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា មានផ្ទះវីឡា មួយកន្លែងខាងលើ មានជនបរទេស ជាច្រើននាក់កំពុងប្រមូលផ្តុំគ្នា ប្រើរប្រាស់ថ្នាំញៀនខុសច្បាប់(k) ថ្នាំក្រវី រួមទាំងមាន កាន់កាប់អាវុធខុសច្បាប់ ។
ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកំណត់បានទីតាំងផ្ទះវីឡា និង ផ្ទះល្វែងខាងលើ រួចបានឆ្លក់ចូលបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាមប្រមាណជិត១០នាក់ និង វត្ថុតាងគ្រឿងញៀនមួយចំនួន រថយន្ត២គ្រឿង និង អាវុធខ្លីចំនួន២ដើម និង វត្ថុតាងផ្សេងៗទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និង វត្ថុតាងត្រូវនាំខ្លួនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ យកទៅសួរនាំ និង ស្រាវជ្រាវរកបក្សពួកជនសង្ស័យផ្សេងទៀត ដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធីច្បាប់ ៕