សម្ដេច ហ៊ុន ម៉ាណែត៖ យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈសារនៅលើបណ្ដាញសង្គមរបស់សម្តេចផ្ទាល់បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់សម្តេច បន្ទាប់ពីសម្តេចបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្សដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះឱ្យម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។
មិនត្រឹមតែប៉ុណ្ណោះ សម្តេចធិបតីក៏បានកត់សម្គាល់ផងដែរថា មហាជនទូទៅបានធ្វើការថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ ចំពោះសកម្មភាពដ៏សាហាវដែលប្រព្រឹត្តឡើងដោយជនល្មើស ដោយមានមតិមហាជនខ្លះបានទាមទារឱ្យតុលាការអនុវត្តច្បាប់ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងខ្លះទៀតដល់ថ្នាក់ទាមទារឱ្យមានការដាក់ទោសប្រហារជីវិតជាដើម។
ក្នុងសាររបស់សម្ដេចធិបតីដែលរំលេចការឆ្លើយតបលើការលើកឡើងនូវមតិរបស់គណនីហ្វេសប៊ុក Vongchan Reaksmeidara សម្តេចបញ្ជាក់ថា យោបល់របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើគឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ "យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ"។
គួរបញ្ជាក់ថា ស្របពេលដែលក្រសួងយុត្តិធម៌ បាន និងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ សម្តេចធិបតីក៏បានស្នើឱ្យមានការសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។
សម្តេចធិបតីបញ្ជាក់ថា៖ "ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ"៕