
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមប្រជាពលរដ្ឋជឿទុកចិត្តលើការដោះស្រាយផ្តល់យុត្តិធម៌ និងជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារនៅលើបណ្ដាញសង្គមផ្ទាល់បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមវែកញែកដោយសុទ្ធចិត្តក្នុងករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា និងសុំឱ្យប្រជាពលរដ្ឋការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីឃាតកម្មនេះ។
តាមរយៈសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះបញ្ជាក់ថា៖ "ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។"
បន្ថែមពីលើនេះ តាមរយៈខ្លឹមសារនៃសារដដែលនោះ សម្តេចធិបតីបញ្ជាក់ថា៖ "នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ"៕