សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ រួមទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស នឹងត្រូវសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ។
រាជធានីភ្នំពេញ៖ ចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ រួមទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស នឹងត្រូវសិក្សា និងៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ។
តាមរយៈការបង្ហោះសារនៅថ្ងៃទី២៥ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា៖ "ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ"។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈមួយដើម្បីទទួលបន្ទុកដឹកនាំរៀបចំការធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និង វិស័យរដ្ឋប្បវេណី ដែលក្នុងនោះលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលបន្ទុកជាប្រធានដឹកនាំគណៈកម្មការនេះដោយផ្ទាល់តែម្តង៕