នាយករដ្ឋមន្រ្តីសម្រេចឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សា និងដាក់បញ្ចូលវិសោធនកម្មក្រមព្រហ្មទណ្ឌទាក់ទងនឹងស្ថានទម្ងន់ទោសនៃបទល្មើសឃាតកម្ម
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់សម្តេចផ្ទាល់ បន្ទាប់ពីសម្ដេចបានបង្ហោះសារ ទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។
ក្នុងនោះផងដែរ សម្ដេចធិបតីបញ្ជាក់ថា សម្តេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញ យោបល់ជុំវិញរឿងនេះ ដែលសម្ដេចបានពិនិត្យឃើញថា យោបល់របស់ម្ចាស់គណនីខាងលើ គឺមានហេតុផល សមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទង នឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។
ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាន និងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ សម្តេចធិបតីបានប្រគល់ ភារកិច្ចបន្ថែមជូនលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។
ក្នុងនោះផងដែរ សម្តេចធិបតីបញ្ជាក់ថា យើងមិនអាចផ្តន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬ បញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ៕