សាហាវណាស់ធ្វើជាសួរមិនស្គាល់ផ្លូវរួចទាញតាំងតោកាប់ប្លន់យកម៉ូតូទាំងថ្ងៃ នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ស្រុកព្រៃនប់៖ មានសេចក្តីរាយការណ៍មកថាមានករណីកាប់ប្លន់យកម៉ូតូមួយកើតឡើងកាលពីវេលាម៉ោង១៧.៣០នាទីថ្ងៃទី២៤.០៦.២០២៤ នៅចំណុចផ្លូវចូលបឹងកាឡូសុក្រិតឡែន ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះដែលបានបាត់ មានម៉ាកហុងដាឌ្រីមសង់C125 សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1k 7709 របស់ជនរងគ្រោះចំនួន០២នាក់៖
១.ឈ្មោះ ចឹម ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ (អ្នកបើកបររងរបួសក្បាលពីក្រោយចំនួន៥ថ្នេរ)
២.ឈ្មោះ ចឹម ឆើត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស អ្នករួមដំណើរត្រូវជាប្អូន(មិនមានរងរបួស) អ្នកទាំងពីរមានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅពេលជនរងគ្រោះបានជិះម៉ូតូមករកគោនៅចំណុចជិតបឹងកាឡូ ពេលមកដល់ក៏ឃើញមានមនុស្សចំនួន០២នាក់ អាយុប្រហែល២០ឆ្នាំជាង ជិះម៉ូតូសេរីឆ្នាំ២០១៨ មិនស្គាល់ស្លាកលេខ ចូលបឹងកាឡូរួចស្រែកហៅពួកគាត់អោយឈប់ ហើយសួរគាត់ថាផ្លូវនេះទៅដល់ណាដែរ គាត់ពុំទាន់បានឆ្លើយផង ក្រុមជនសង្ស័យក៏យកកាំបិតតាំងតោ កាប់ត្រូវក្បាលចំពីរខាងក្រោយ រួចហើយក៏ជិះម៉ូតូរបស់គាត់ចេញតែម្តង ដែលមានទិសដៅទៅផ្លូវជាតិលេខ៤ ឆ្ពោះមកក្រុងព្រះសីហនុ ។
ភ្លាមៗក្រោយពេលកើតហេតុជនរងគ្រោះម្នាក់បានរងរបួសបែកក្បាល ហើយត្រូវបាន បញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ស្វែករងមុខសញ្ញាជនសង្ស័យ ៕