លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តុលាការខេត្តកណ្តាលចេញសេចក្ដីបំភ្លឺជុំវិញចំណាត់ការនីតិវិធីច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មកាប់ម្ចាស់បំណុលស្លាប់ប្រព្រឹត្តដោយឈ្មោះ ឡុង ឈាវ

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានចេញសេចក្ដីបំភ្លឺមួយដោយបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook ឈ្មោះ NalNeit SoPheak បានសរសេរថា " ឱកម្ពុជាខ្ញុំអើយ ម្នាក់កូនបំណុល កាប់សម្លាប់មេបំណុលម្នាក់ ជាប់គុក មួយជីវិត  ឧកញ៉ាបាញ់សម្លាប់មនុស្ស២នាក់ ប្រើប្រាស់អាវុធខុសច្បាប់ ជាប់គុក១០ឆ្នាំ ១៥ឆ្នាំ ” និង គណនី Facebook ឈ្មោះ Ma'orm Sre TV បានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា “មហាជននាំគ្នាលើក ឡើងព្រោងព្រាតថា បុរសម្នាក់ដែលកាប់ទៅលើស្ត្រីជាមេបំណុលស្លាប់នៅខេត្តកណ្តាល តុលាការកាត់ក្តីជាប់គុក មួយជីវិត បែជាអតីតឧកញ៉ាចិត្តខ្មៅស្រីស៊ីណាបម្រុងនឹងបាញ់សម្លាប់មនុស្សទាំងអស់ សម្រេចឲ្យជាប់គុកពី ១០ឆ្នាំ ទៅ១៥ឆ្នាំ (អ្វីដែលសំខាន់គឺប្រើប្រាស់អាវុធខុសច្បាប់ទៀត)” ហើយព័ត៌មាននេះក៏ត្រូវបានចែករំលែកតៗគ្នាជាច្រើនទៀត។

ក្នុងគោលបំណងដើម្បីចៀសវាងការភាន់ច្រឡំចំពោះករណីសំណុំរឿងខាងលើនេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល សូមធ្វើការបំភ្លឺជូនសាធារណជនដូចខាងក្រោម៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥៧ អ.ក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណី ឃាតកម្ម ដែលមានជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្ម ប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ នៅពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីបន្តកិច្ចស៊ើបសួរ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល សូមបញ្ជាក់ជូនថា គណនី Facebook ឈ្មោះ NalNeit SoPheak និង គណនី Facebook ឈ្មោះ Ma'orm Sre TV ដែលបានផ្សព្វផ្សាយព័ត៌មានខាងលើ ជាការផ្សព្វផ្សាយព័ត៌មានដោយបំភ្លៃការពិតទាំងស្រុង ពីព្រោះថា៖ (ទី១)-សំណុំរឿងខាងលើគឺកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដោយមិនទាន់បានបញ្ជូនសំណុំរឿងទៅជំនុំជម្រះនោះទេ ពោលគឺមិនទាន់មានសាលក្រមសម្រេចផ្តន្ទាទោសនៅឡើយទេ និង(ទី២)-ផ្អែកលើបទចោទប្រកាន់របស់តំណាងអយ្យការ ជនល្មើសនឹងអាចប្រឈមមុខជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

អាស្រ័យហេតុនេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអំពាវនាវសូមសាឱ្យធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មាន បញ្ឈប់ការចែករំលែក និងការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតនេះ ដែលធ្វើឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន ហើយតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល នឹងបន្តតាមដានករណីនេះ និងអាចចាត់វិធានការតាមនីតិវិធីច្បាប់តាមការចាំបាច់ចំពោះអ្នកដែលបំភ្លៃការពិតនេះបន្តទៀត៕









ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក