រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីពិភាក្សាពីផែនការបន្ទាប់នៃសង្គ្រាមក្នុងតំបន់ហ្គាហ្សា
អ៊ីស្រាអែល៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉អាវ ហ្គាឡាន់ (Yoav Gallant) បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីពិភាក្សាអំពីកិច្ចការងារដំណាក់កាលបន្ទាប់នៃសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា និងជុំវិញភាពតានតឹងដែលកំពុងបន្តកើតមានឡើងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសលីបង់ ជាទីតាំងនៃជម្លោះដែលកំពុងកើតមានជាមួយក្រុមឧទ្ទាមហេសបូឡា (Hezbollah) ដែលបណ្ដាលឱ្យមានក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងថាជម្លោះដែលកំពុងកើតមាននឹងកាន់តែរាលដាលជាងមុន។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់បានចាប់ផ្តើមការវាយប្រហារជាហូរហែរមកលើអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមនៃតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ហើយភាគីទាំងពីរមានការប៉ះទង្គិចគ្នា (អ៊ីស្រាអែល-ហេសបូឡា) ក្នុងរយៈពេលជាច្រើនខែចាប់តាំងពីពេលនោះមក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហេសបូឡាក៏បានបញ្ជាក់កាន់តែច្បាស់ថា ខ្លួននឹងមិនបញ្ឈប់សកម្មភាពនៃការវាយប្រហាររបស់ខ្លួននោះឡើយ ពោលគឺរហូតដល់មានបទឈប់បាញ់ពិតប្រាកដមួយនៅតំបន់ហ្គាហ្សាត្រូវបានធ្វើឡើង។
រដ្ឋមន្រ្តីការពារជាតិអ៊៊ីស្រាអែលបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយមុនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកថា៖ "យើងបានត្រៀមខ្លួនរួចជាស្រេចនូវរាល់សកម្មភាពដែលអាចកើតមានឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា, លីបង់ និងតំបន់នានា"។ គួរឱ្យដឹងថា នៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ លោក ហ្គាឡាន់ ក៏ត្រូវបានគេរំពឹងថានឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អ័រស្ទីន (Lloyd Austin) និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខេន (Antony Blinken) ផងដែរ។
គួររំឮកផងដែរថា កាលពីដើមខែមិថុនានេះ ក្រុមសកម្មប្រយុទ្ធហេសបូឡាបានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានមួយទៅលើទីក្រុង និងមូលដ្ឋានយោធានៅក្នុងប្រទេសអ៊៊ីស្រាអែល ក្រោយពេលដែលកម្លាំងយោធាអ៊៊ីស្រាអែលបានបើកការវាយប្រហារ និងផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់នៃក្រុមឧទ្ទាមដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់នេះ។ កាលពីសប្តាហ៍មុន បេសកជនអាមេរិក លោក អាមូស ហចឆ៍ស្ទីន (Amos Hochstein) ក៏ទើបតែបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល និងលីបង់ផងដែរ ក្នុងគោលបំណងបន្ធូរបន្ថយអរិភាព និងបញ្ចុះកម្ដៅនៃស្ថានភាពដែលកំពុងតែតានតឹងនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ៕