
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា
រាជធានីភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធ ទី២៦ ខែមិថុនា វេលាម៉ោង ៣រសៀលនៅទីស្ដីការក្រសួងយុត្តិធម៌ ជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ដែលបណ្ដាលឱ្យជនរងគ្រោះចំនួន ២នាក់ស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ ២នាក់រងរបួស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជនល្មើសឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្តអំពើឃាតកម្ម (បាញ់ប្រហារ) បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួនពីរនាក់រួមមាន ទី១៖ ឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ និងទី២៖ ឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះដែរ ជនល្មើសឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឲ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ នៅក្នុងករណីនេះ ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ចំនួន ៣បទល្មើសគឺ បទឃាតកម្ម, បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារខាងលើក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ថាគឺជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ដោយក្រសួងយុត្តិធម៌ពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថាជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។
ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសំណុំរឿងខាងលើ៕