
ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់
រាជធានីភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៣ ករណី ដែលក្នុងនោះមានជនសង្ស័យចំនួន ២៣០នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៦នាក់។
ក្នុងនោះផងដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕