លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ក្រសួងយុត្តិធម៌ស្នើសុំតុលាការកុំឱ្យមានការស្រូបបញ្ចូលទោស និងធានាឱ្យមានការអនុវត្តច្បាប់ដោយត្រឹមត្រូវ និង ម៉ឺងម៉ាត់ ក្នុងករណីអំពើឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនិងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា ដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌បានពិនិត្យឃើញថា មហាជនមានការចាប់អារម្មណ៍ជាច្រើន ជុំវិញករណីបាញ់ប្រហារដ៏សាហាវមួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ និងរងរបួសចំនួន ២នាក់។ ដោយយោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, អង្គហេតុ ដែលជាលទ្ធផលនៃការស្រាវជ្រាវក្នុង ដំណាក់កាលស៊ើបអង្កេត នៅក្នុងសំណុំរឿងនេះមានដូចតទៅ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅខណ្ឌច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ, វាយកម្ទេចផើងផ្កា និងរឿងដាក់ស្នួខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់, ជនល្មើសបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងបានឈានដល់មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះដែរ, ឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឲ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ នៅក្នុងករណីនេះ, ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ចំនួន ៣បទល្មើស គឺ បទឃាតកម្ម, បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់។

ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវខាងលើនេះ និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនសាធារណជន ដូចខាងក្រោម ៖

ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេសធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។

ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និង បន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នាពី ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ ឆ្នាំ។ ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ នូវបុគ្គលពីររូបទៀតរួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើ លទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។

ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និង ស្នើសុំថាទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានា ដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។

ទី៤-ការចោទប្រកាន់ខាងលើនេះ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបាន បញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ ឮជាធរមាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទី៥-ករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

ក្នុងនោះផងដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសំណុំរឿងទាំងពីរខាងលើ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក