រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវបញ្ឈប់ការចែកចាយឃ្លីបវីដេអូរបស់ ស្រី ស៊ីណា បាញ់សម្លាប់ជនរងគ្រោះ
ភ្នំពេញ៖ នារាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ភ្ជាប់ជាមួយរូបថតជនរងគ្រោះជាច្រើនសន្លឹក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្រ្តា បានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ នៅបុរីប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា សរសេរថា៖ «សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ។ឯកឧត្តមបន្តថា ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព»។
គួរឲ្យដឹងថាឧកញ៉ាអស់បុណ្យ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស២នាក់ និងប៉ុនប៉ងសម្លាប់ផ្ដាច់ជីវិតមនុស្សក្នុងផ្ទះមួយក្នុងខណ្ឌច្បារអំពៅត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់លើសំណុំរឿង២ ដែលមានបទចោទចំនួន៣គឺឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងប៉ុនប៉ងសម្លាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ស្រី ស៊ីណា ដែលឧបនិស្ស័យបណ្ដាលឱ្យអស់បុណ្យភ្លាមចូលគុកភ្លែតនេះនឹងត្រូវប្រឈមនឹងការកាត់ទោសតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា១៩៩ បទឃាតកម្ម ស្រី ស៊ីណា ប្រឈមជាប់គុកពី១០ទៅ១៥ឆ្នាំ។
ស្រី ស៊ីណា បច្ចុប្បន្នអាយុ ៥០ឆ្នាំ បានបាញ់សម្លាប់មនុស្ស២នាក់ ដែលជាគូរដណ្ដឹងនឹងគ្នានៅផ្ទះមួយក្នុងបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានអ្នកជួលផ្ទះហៅមកជួយដោះស្រាយរឿងទំនាស់ស្នួរខោអាវ។ ឃាតកម្មដ៏សាហាវនេះត្រូវបានមហាជនថ្កោលទោសជាខ្លាំងលើទង្វើរបស់បុគ្គលអស់បុណ្យម្នាក់នេះ៕