សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាព្រះមហាថេរចុងក្រោយបំផុត ក្នុងចំណោមព្រះមហាថេរ ៧ព្រះអង្គ ដែលជាស្ថាបនិកព្រះពុទ្ធសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជាព្រះមហាថេរខាងគណៈមហានិកាយ ដែលមានព្រះវស្សាផ្នួសច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ពេញមួយព្រះជន្ម ទ្រង់បានកសាងប្រយោជន៍យ៉ាងច្រើនអនេកសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។ ទ្រង់បរិបូណ៌ដោយបុញ្ញសម្ភារ៍ ដែលបានសាងទុកក្នុងអតីតជាតិ ជាហេតុនាំឱ្យទ្រង់អាចឆ្លងផុតពីគ្រោះជំងឺកំណាចទាំង ៣លើក ហើយអ្វីដែលនៅសេសសល់គឺជរាភាពទៅតាមវ័យប៉ុណ្ណោះ។

ដោយព្រះគុណដ៏ឧត្តុងឧត្តមក្រៃលែងនេះ ទ្រង់បានទទួលការស្រោចស្រពព្រះសុគន្ធវារីថ្វាយចំនួន ៣លើក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានទទួលការសាងថ្វាយនូវព្រះចេតិយ ២លើក ព្រះមញ្ជូសា ២លើក និងព្រះមេរុ ២លើក ដែលមានត្រឹមតែសម្តេចជាអម្ចាស់ ១ព្រះអង្គប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា។

ក្នុងវរោកាសដ៏ប្រសើរថ្លៃថ្លានេះ ដើម្បីជាកិច្ចតបស្នងចំពោះព្រះគុណដ៏ឧត្តុងឧត្តមក្រៃលែងដែលសម្តេច ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងទុកក្នុងព្រះពុទ្ធសាសនានិងសង្គមជាតិ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលគម្រប់ព្រះជន្ម ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា ថ្វាយសម្តេចជាអម្ចាស់ ដើម្បីទុកជាព្រះរាជកុសល និងសូមថ្វាយព្រះរាជសព្ទសាធុការពរ សូមសម្តេចជាអម្ចាស់ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាទីឃាយុជាងរយព្រះវស្សា ប្រថាប់នៅជាម្លប់សម្រាប់សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ និងមហាពុទ្ធបរិស័ទជាយូរអង្វែងតទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក