ប្រធានាធិបតីរុស្សីបន្តដំណើរទស្សនកិច្ចមកកាន់ទឹកដីវៀតណាម បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង
វៀតណាម៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាមដោយសុវត្ថិភាពហើយនាព្រឹកថ្ងៃទី២០ ខែមិថុនានេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចដ៏កក្រើក និងគួរឱ្យចាបអារម្មណ៍នៅលើទឹកដីកូរ៉េខាងជើង។
បើតាមប្រភពពីសារព័ត៌មាន Reuter បានរាយការណ៍ថា យន្តហោះពិសេសរបស់ប្រធានាធិបតីរុស្សីបានចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីហាណូយ ដោយមានការទទួលស្វាគមន៍បដិសណ្ឋារកិច្ចលើកម្រាលព្រំក្រហមពីសំណាក់លោក ត្រាន់ ហុងហា (Tran Hong Ha) សមាជិកបក្សកុម្មុយនីសវៀតណាម និងឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកសេដ្ឋកិច្ច។
នៅក្នុងការអត្ថាធិប្បាយដែលបានចុះផ្សាយក្នុងកាសែតបក្សកុម្មុយនិស្តវៀតណាមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក លោក ពូទីន បានសាទរដល់វៀតណាមសម្រាប់ការគាំទ្រ "វិធីសាស្រ្តជាក់ស្តែងដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន"។ គួរបញ្ជាក់ថា វៀតណាមដែលអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការដែលខ្លួនហៅថា "ការទូតដើមឫស្សី" ឬ "Bamboo Diplomacy" ក្នុងទំនាក់ទំនងជាមួយមហាអំណាចពិភពលោក ដែលជាក់ស្ដែងវៀតណាមបានបដិសេធលើការថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលទង្វើនេះត្រូវបានបណ្តាប្រទេសលោកខាងលិចចាត់ទុកថាហាក់ដូចជាមានភាពលម្អៀងទៅលើរុស្សីពេក។
វៀតណាមនឹងក្លាយជាប្រទេសទី៣ នៅក្នុងទ្វីបអាស៊ីដែលជាគោលដៅនៃទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីចិន និងកូរ៉េខាងជើង ចាប់តាំងពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៥ របស់រុស្សីកាលពីខែឧសភា ឆ្នាំ២០២៤ នេះ។ ដោយឡែក វៀតណាមក៏បានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញលេញចំពោះដំណើរទស្សនកិច្ចនៃមេដឹកនាំរុស្សីរូបនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ ២០១៧ និងជាទស្សនកិច្ចលើកទី៥ របស់លោកនៅលើទឹកដីវៀតណាម។
ជាមួយនឹងការរំពឹងទុកថានឹងមានជំនួបជាមួយមេដឹកនាំកំពូលៗរបស់វៀតណាម លោក ពូទីន ក៏នឹងមានការចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធរបស់វីរបុរសវៀតណាម លោក ហូ ជីមិញ ផងដែរ៕