ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩
រាជធានីភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សចៅក្រម-សិស្សព្រះរាជអាជ្ញា ជំនាន់់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផ្ទាល់។
សូមបញ្ជាក់ថា បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាបានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ បានដោយជោគជ័យនៅក្នុងឆ្នាំ២០២៤នេះ ពោលគឺលទ្ធផលស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់់ទី១២ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែកុម្ភៈ ខណៈលទ្ធផលស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ត្រូវបានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៕