អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធ ទី១៩ ខែមិថុនានេះ ដែលជាដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់របស់មេដឹកនាំកំពូលរុស្សីរូបនេះមកកាន់កូរ៉េខាងជើងក្នុងរយៈពេល ២៤ឆ្នាំ ដោយប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រទេសផ្តាច់ការ និងឯកោមួយនេះ និងសន្យាផ្តល់ការគាំទ្រដល់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិកផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្សីបានបង្ហាញនូវរូបភាពនៃការចាប់ដៃគ្នារវាងប្រធានាធិបតីនៃប្រទេសទាំងពីរ ព្រមទាំងការឱបសំណេះសំណាលគ្នាក្បែរយន្តហោះផ្លូវការរបស់លោក វ្ល៉ាឌីមៀ ពូទីន។ មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញមេដឹកនាំកំពូលទាំងបានធ្វើដំណើររួមគ្នាលើរថយន្តប្រភេទទំនើបតែមួយ ហើយលោក គីម ជុងអ៊ុន (Kim Jung Un) ក៏បានជូនដំណើរលោកពូទីនចូលទៅកាន់សណ្ឋាគារដោយផ្ទាល់ទៀតផងដែរ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ីកំពុងព្យាយាមតាមដាន និងសិក្សាថាតើរុស្សីនឹងចូលជ្រៅកម្រិតណាក្នុងសកម្មភាពគាំទ្រមេដឹកនាំកូរ៉េខាងជើង ដែលជាប្រទេសតែមួយគត់ដែលបានធ្វើតេស្តអាវុធនុយក្លេអ៊ែរក្នុងសតវត្សទី២១។ ជាក់ស្តែង គេសង្កេតឃើញថារុស្សីដែលជាសមាជិកវេតូ (Veto) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងវាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តទាំងស្រុងរបស់ខ្លួនជាមួយកូរ៉េខាងជើង ហើយមុនដំណើរមកដល់របស់លោកពូទីន ប្រធានាធិបតីរុស្សីរូបនេះក៏បានលើកសរសើរទៅកាន់កូរ៉េខាងជើង ទៅលើអ្វីដែលលោកហៅថាជាការទប់ទល់របស់រដ្ឋនេះទៅនឹងសម្ពាធសេដ្ឋកិច្ច ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក។
នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបញ្ជាក់់ថា លោកពូទីនបានសរសើរ "សមមិត្ត" គីម ហើយបានសន្យាថានឹង "រួមគ្នាប្រឆាំងនឹងការរឹតបន្តឹងឯកតោភាគីខុសច្បាប់" ដើម្បីអភិវឌ្ឍពាណិជ្ជកម្ម និងពង្រឹងសន្តិសុខនៅទូទាំងតំបន់អឺរ៉ាស៊ី (Eurasia)។ មិនត្រឹមតែប៉ុណ្ណោះ កាសែតនៃបក្សពលករកូរ៉េខាងជើងបានបញ្ជាក់ថា រុស្សីតែងតែគាំទ្រ ហើយនឹងនៅតែបន្តគាំទ្រលើកូរ៉េខាងជើង និងវីរជនកូរ៉េក្នុងការប្រឆាំងទៅនឹងសត្រូវដ៏អាក្រក់ គ្រោះថ្នាក់ និងឈ្លានពាន។
លោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរុស្សីបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងសម្លឹងរកមើលការចុះហត្ថលេខាលើ "សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ" ជាមួយកូរ៉េខាងជើង ដែលនឹងរួមបញ្ចូលលើបញ្ហាសន្តិសុខផងដែរ។ លោក Ushakov បញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនបានធ្វើឡើងដើម្បីប្រឆាំងទៅនឹងប្រទេសណាមួយឡើយ ប៉ុន្តែនឹងគូសបញ្ជាក់ពីទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរុស្សី និងកូរ៉េខាងជើង។
ក្នុងដំណើរទស្សនកិច្ចនេះ លោកពូទីនក៏បានថ្លែងរំលឹកថា សហភាពសូវៀតគឺជារដ្ឋដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPR Korea) ដែលបង្កើតឡើងដោយ លោក គីម អ៉ីលស៊ុង ដែលជាជីតាបង្កើតរបស់លោក គីម ជុងអ៊ុន មុនការផ្ទុះឡើងនូវសង្គ្រាមឧបទ្វីបកូរ៉េនាឆ្នាំ១៩៥០។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានចុះផ្សាយអត្ថបទសរសើររុស្ស៊ី និងគាំទ្រប្រតិបត្តិការយោធារបស់រុស្សីក្នុងប្រទេសអ៊ុយក្រែនផងដែរ៕