
ស្វែងយល់ពីផ្កាអ័រគីដេរបស់សិង្ហបុរីដែលត្រូវបានប្រសិទ្ធិនាមតាមឈ្មោះសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា
សិង្ហបុរី៖ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើទឹកដីសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាសួនឧ្យានជាតិផ្កាអ័រគីដេ National Orchid Garden ដែលនៅទីនោះ ថ្នាក់ដឹកនាំនៃឧទ្យានជាតិអ័រគីដេបានប្រសិទ្ធនាមជាកិត្តិយសឈ្មោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នូវផ្កាអ័រគីដេមួយប្រភេទ ដោយមានការជូនវិញ្ញាបនបត្រជូនសម្តេចធិបតីផងដែរ។
គួរឱ្យដឹងថា ផ្កាអ័រគីដេដែលត្រូវបានប្រសិទ្ធិនាមដោយឈ្មោះរបស់សម្តេចមហាបវរធិបតីខាងលើនេះ ត្រូវបានពិពណ៌នាថាគឺជាកូនកាត់ផ្កាអ័រគីដេដែលស្រស់ស្អាត មានភាពទាក់ទាញ និងមានចេញផ្កាដោយសេរី។ ទងផ្កាអ័រគីដេនេះមានភាពរឹងមាំ និងត្រង់ដែលអាចមានប្រវែង ២៥ ទៅ ៣៥សង់ទីម៉ែត្រ និងមានផ្កា ១២ ទៅ ២០ផ្កា នៅលើទងនីមួយៗ។ ទំហំផ្កានីមួយៗមានទទឹងប្រហែល ៦សង់ទីម៉ែត្រ ដែលមានក្លិនបែបផ្កាម្លិះស្រាល។ ស្រទាប់ផ្កាមានពណ៌ស្វាយដិត និងស្វាយស្រាល ស្រដៀងទៅនឹងផ្កាឡាវេនឌ័រ។
ផ្កាអ័រគីដេនេះត្រូវបានដាក់ឈ្មោះតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចអញ្ជើញទស្សនាសួនផ្កាអ័រគីដេជាតិនៃប្រទេសសឹង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលមានឈ្មោះជាភាសាបរទេសថា Vanchoanthe Hun Manet។
គួរបញ្ជាក់ផងដែរថា ពិធីប្រសិទ្ធិនាមឈ្មោះផ្កានៅក្នុងឧទ្យានជាតិអ័រគីដេរបស់សិង្ហបុរី ត្រូវបានគេមើលឃើញថាជាកាយវិការបង្ហាញពីការបង្កើនសហប្រតិបត្តិការលើទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងៗ ជាក់ស្ដែងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរួមមាន អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងភរិយា, ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងភរិយា ក៏ដូចជានាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជាដើម សុទ្ធតែធ្លាប់ត្រូវបានប្រសិទ្ធិនាមឈ្មោះលើប្រភេទផ្កាអ័រគីដេ អំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី៕