ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានថ្វាយព្រះពរជូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ យាងចូល ៨៩ ព្រះសិរីវិស្សា។
ក្នុងលិខិតថ្វាយព្រះពរ សម្ដេចប្រធានរដ្ឋសភា បានលើកឡើងថ្វាយនូវ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយសម្តេចម៉ែ ដែលបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណ លើកស្ទួយវិស័យអប់រំសិក្សាធិការ សុខុមាលភាព សង្គមកិច្ច ព្រះពុទ្ធសាសនា និងសុខដុមរមនាសង្គម ប្រកបដោយទសពិធ រាជធម៌ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ដើម្បីបុព្វហេតុជាតិ សាសនា មាតុភូមិជាទីស្នេហា ជាពិសេសព្រះរាជ បេសកកម្មដ៏មហាថ្លៃថ្លាក្នុងការដង្ហែ «ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងព្រះរាជសកម្មភាពមនុស្សធម៌ សម្រាប់ប្រជានុរាស្ត្រជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ ជាដរាបតរៀងទៅ។
សម្ដេចសភាធិកាធិបតីបានលើកឡើងថា៖ «ខ្ញុំម្ចាស់យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទាននូវព្រះសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់ព្រះរាជសម្ភពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ជាបុត្រីលោក ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី និងលោកចៅឃុន ប៉ុម ពាង។ សម្តេចព្រះមហាក្សត្រីបានរៀបអភិសេកជាព្រះស្នំ ព្រះនរោត្តមសីហនុនៅឆ្នាំ១៩៥២ និងបានក្លាយជាព្រះមហេសីផ្លូវការនៅឆ្នាំ១៩៦៨៕